ភ្នំពេញ៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤ និង ៥០ នាទីទៀបភ្លឺ ឈានចូលថ្ងៃអង្គារ៍ទី ២៩ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ បេតុង ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនរងគ្រោះជិះម៉ូតូធុនធំមួយគ្រឿង ដែលពាក់ផ្លាកលេខ តាកែវ 1-L 1080 ធ្វើដំណើក្នុងទិសដៅពីកើតមកលិច ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនឹងផ្លូវបេតុង ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់រួច ធ្វើការវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូទៅរក្សាទុក ចំណែកឯសពវិញប្រគល់ជូនរថយន្តសាមុយ យកទៅរក្សាទុកនៅវត្ត ដើម្បីរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ សា មេត