ខេត្តស្វាយរៀង ៖ បែកធ្លាយរឿងឪពុកចុងចាប់បង្ខំរំលោភកូនស្រីអាយុ១១ឆ្នាំ ហើយត្រូវប្រជាពលរដ្ឋជិតខាងបានទាន់ ហើយក៏សម្រេចចិត្តប្តឹងសមត្ថកិច្ច កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដែលជនសង្ស័យបម្រុងនឹងចាប់រំលោភក្មេងស្រីរងគ្រោះម្តងទៀត។
បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយរំពារ បានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន (អាយុ១១ឆ្នាំ) ករណីឳពុកចុងចាប់បង្ខំកូនស្រីរួមភេទនេះ កើតឡើងកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក៏ប៉ុន្តែប្រជាពលរដ្ឋមិនហ៊ានប្តឹង លុះនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ខែកញ្ញា ជនគម្រក់នេះ បម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀត ទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹង និងរាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍តែម្តង។ ប្រភពបន្តទៀតថា ជនសង្ស័យមានឈ្មោះសាញ់ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះឈ្មោះច. ព.រ. អាយុ១១ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រាកដមែន ហើយមិនមែនទើបតែម្តងនេះទេ គឺបានចាប់បង្ខំកូនស្រីចុងរួមភេទ បានចំនួនពី៧ទៅ៨ដងមកហើយ តាំងពីខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ បើតាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យតែងតែចាប់កូនស្រីរំលោភ នៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ ដោយស្ត្រីជាម្តាយ ក៏ជាអ្នកចំរៀងភ្លេងការដែរ នៅពេលណាមានទទួលភ្លេងការទៅលេងភ្លេងការឲ្យគេ មានឱកាស ប្តីតែងតែរកលេះទៅនេះទៅនោះមួយភ្លែត ឬអត់ស្រួលខ្លួនត្រឡប់ទៅផ្ទះមុន ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគំរាមកូនស្រីមិនឲ្យប្រាប់ម្តាយ បើប្រាប់នឹងវាយធ្វើបាប ទើបនាងមិនហ៊ានប្រាប់ម្តាយ ស៊ូទ្រាំឈឺចាប់អស់រយៈពេល៩ខែមកហើយ ទើបតែបែកធ្លាយអ្នកជិតខាងមានការសង្ស័យ ទៅលបមើលឃើញទើបប្តឹងសមត្ថកិច្ចតែម្តង។
តាមប្រភពព័ត៌មានពីអ្នកស្រុក បាននិយាយថា ជនកម្រក់នេះ មានប្រពន្ធច្រើននាក់មកហើយ ក្រោយមកបានលែងលះជាមួយប្រពន្ធដើម ហើយយកប្រពន្ធចុងជាអ្នកចម្រៀងភ្លេងការជាមួយគ្នា រួចលែងលះយកអ្នកផ្សេងទៀត លើកចុងក្រោយ គឺបានម្តាយកុមារីរងគ្រោះ ក៏មានករណីចាប់រំលោភកូនស្រីចុងបែបនេះ។ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ វ៉ៃកូ