ប៉ៃលិន៖ អាជ្ញាធរខេត្តប៉ៃលិន បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ដែលបានជួបបញ្ហាប្រឈមមួយចំនួន ដូចជាអ្នកបោះបង់ការសិក្សា ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការនិងជនក្រីក្រ ដោយបើកឲ្យចូលសិក្សានូវជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈផ្សេងៗ ដែលបានត្រៀមទុករួចរាល់នៅចុងឆ្នាំ២០២០នេះ។
ការលើកឡើងនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញតាមលិខិតបញ្ជាក់ (VSTP) ជំហានទី៣ របស់គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ ក្នុងគោលបំណងជួយលើកតម្កើងជីវភាព ភាពថ្លៃថ្នូររបស់ពលរដ្ឋ ភាពសុខដុមរមនាសង្គម តាមរយៈការបង្កើតឱកាសការងារសមរម្យ ផលិតភាពការងារខ្ពស់ ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្ស ហើយគោលនយោបាយនេះ ក៏មានវិធានការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ដល់ពលករ ដែលកំពុងធ្វើការនៅក្រៅប្រទេសផងដែរ។ដើម្បីឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ទទួលជោគជ័យសុំឲ្យមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សហការផ្សព្វផ្សាយឱ្យទូលំទូលាយ ជំរុញពលរដ្ឋជាមុខសញ្ញា ត្រូវទទួលសេវាបណ្តុះបណ្តាលនេះ ឲ្យច្បាស់លាស់ ឱ្យពួកគាត់បានយល់ដឹង និងចូលរួមទទួលនូវសេវានេះឲ្យបានគ្រប់គ្នាៗ ដើម្បីលើកកម្ពស់វិស័យការងារនិងប្រាក់ចំណូល ពិសេសចូលរួមដោះស្រាយផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ បានមួយកម្រិត។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរការងារនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះវគ្គបណ្តុះបណ្តាលនេះ ធ្វើយ៉ាងណា ផ្តល់ចំណេះនិងជំនាញច្បាស់លាស់ ដល់អ្នកចូលសិក្សា តាមតម្រូវការទីផ្សារការងារក្នុងការប្រកបរបរចិញ្ចឹមជីវិត ទៅថ្ងៃខាងមុខ ត្រូវពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបច្ចេកទេស ក្នុងមជ្ឈមណ្ឌល ដើម្បីធ្វើការផ្តល់ជំនាញនិងវិជ្ជាជីវៈជូនពលរដ្ឋកាន់តែល្អប្រសើរ ។
លោក ឃុន សុខឿន នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានលើកឡើងថា ដើម្បីបង្កើនការទំនុកចិត្តពីសង្គមនិងសិស្ស ពីអ្នកត្រូវការជំនាញបច្ចេកទេស ដោយមជ្ឈមណ្ឌលធានានូវលក្ខខណ្ឌ ក្រោយបញ្ចប់ការសិក្សាមានការងារឲ្យធ្វើ អភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកទេសនិងវីជ្ជាជីវៈ ជំរុញនិងអភិវឌ្ឍន៍ព័ត៌មានទីផ្សារការងារ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័ននានា ក្រុមហ៊ុន សហគ្រាស ក្នុងការស្វែងរកជំនាញនិងកន្លែងការងារ លើកកម្ពស់សមភាពយ៉េនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងពង្រឹងអភិបាលកិច្ចល្អ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលទើបនឹងបើកនេះ មានជំនាញបច្ចេកទេស សេវាកម្ម ជំនាញនិងកសិកម្ម ដែលមានសិស្សសរុបចំនួន ៥៩២នាក់ ក្នុងនោះការបណ្តុះបណ្តាលក្នុងសហគមន៍មានសិស្សចំនួន៥៥១នាក់ សហគ្រាស២៧នាក់និងបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលចំនួន ១៤នាក់ផងដែរ៕ដោយ៖អ៊ុងសារុំ