Sunday, January 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គោលដៅ​អេកូ​ទេសចរណ៍​ចំនួន​៤ នឹង​ទទួល​ការអភិវឌ្ឍ​រួមគ្នា​ជា​កញ្ចប់ ដើម្បី​ជំរុញ​កំណើន​ទេសចរ​ក្នុងស្រុក

​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​នៃ​ក្រសួងទេសចរណ៍ បានលើកឡើង​នូវ​គោលដៅ​សហគមន៍​អេកូ​ទេសចរណ៍​អាទិភាព​ចំនួន ៤​កន្លែង ដែលមាន​សក្ដានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ និង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ាងច្រើន គ្រាន់តែ​មិនទាន់មាន​ការជួយ​អភិវឌ្ឍន៍​បន្ថែម ដែល​ទាមទារ​ឱ្យមាន​ការជួយជ្រោមជ្រែង​ពី​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ការលើកឡើង​យ៉ាង​ដូច្នេះ​គឺ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៥ ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​ប្រធាន​ក្រុម​ករ​ងារ អន្តរក្រសួង​និង​មានការ​ចូលរួម​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ក្រុម​កា​ងារ​អន្តរក្រសួង រដ្ឋមន្ត្រី​ប្រតិភូ​អម តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​នាឱកាស​នោះ អង្គប្រជុំ​បានលើកឡើង​នូវ​គោលដៅ​សហគមន៍​ទេសចរណ៍​អាទិភាព​ចំនួន ៤​កន្លែង រួមមាន​៖ សហគមន៍​ទេសចរណ៍ធម្មជាតិ​រលា​ក់​កងជើង (​ភ្នំ​ខ្នង​ផ្សារ​) ស្ថិតនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ សហគមន៍​នេសាទ​ផាត់​សណ្ដាយ ស្ថិតនៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ស្ថិតនៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​សហគមន៍​ទេសចរណ៍​ទួល​ព័ន្ធ​តា​ឡី (​បឹង​ស្នេហ៍​) ស្ថិតនៅ​ស្រុក​ស្វាយ​អន្ធរ ខេត្តព្រៃវែង​។​

​អង្គ​ប្រជុំបាន​បន្តថា សហគមន៍​ទាំង​៤​នេះ ជា​សហគមន៍​ដែល​ទើបតែ​បង្កើត​ថ្មី ហើយក៏​ទើបតែ​បញ្ចូល​សកម្មភាព និង​សេវាកម្ម​ទេសចរណ៍​ថ្មីថ្មោង​ផងដែរ ដែល​ទាមទារ​ឱ្យមាន​ការជួយ​អភិវឌ្ឍន៍​ដល់​សហគមន៍​បន្ថែម​ពី​សំណាក់​ក្រសួងទេសចរណ៍ និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​។​

​បញ្ហា​នៅ​ចំពោះមុខ​ដែល​កំពុងមាន​ក្នុង​សហគមន៍​ទាំងនោះ រួមមាន​៖ បញ្ហា​ខ្លះ​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ត​ភ្ជាប់​ទៅកាន់​សហគមន៍ បញ្ហា​ផ្លូវ​ធ្វើដំណើរ​មិនទាន់​ស្រួលបួល បញ្ហា​បរិស្ថាន អនាម័យ និង​សំរាម ខ្វះ​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់ ប្រព័ន្ធ​សេវា​ទូរស័ព្ទ និង​អ៉ី​ន​ធើ​ណេ​ត​ដំណើរ​មិនទាន់​ល្អប្រសើរ មិនទាន់មាន​ការបណ្ដុះ​បណ្ដាល​មគ្គុទ្ទេសក៍​ទេសចរណ៍ ការផ្សព្វផ្សាយ និង​ចំណុច​ខ្លះ​ចន្លោះ​ជាច្រើន​ទៀត​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះខាត​នេះ ក្រសួងទេសចរណ៍​បានស្នើ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀម​ជួយ​អភិវឌ្ឍន៍​រួមគ្នា​ជា​កញ្ចប់ៗ​ទៅដល់​សហគមន៍ ដើម្បីឱ្យ​គោលដៅ​ទេសចរណ៍​សហគមន៍​ទាំងនោះ មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព នវានុវត្តន៍ និង​ការទទួលខុសត្រូវ​។​

​ក្រសួងទេសចរណ៍​នឹង​បន្ត​ស្រាវជ្រាវ​រក​សហគមន៍​ទេសចរណ៍​ដែលមាន​អាទិភាព​ផ្សេងទៀត ដើម្បី​ជួយ​អភិវឌ្ឍ​បន្តទៀត​ពាក់ព័ន្ធ​នឹង​ករណី​ដូចគ្នា​ខាងលើនេះ​។​

​អង្គប្រជុំ​បានបញ្ជាក់​ទៀតថា ថ្វី​ដ្បិត​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជា​ឧបសគ្គ​ក៏ពិតមែន ប៉ុន្តែ​ក៏​វា​ជា​ឱកាស​ក្នុងការ​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ទៅកាន់​សហគមន៍​ទេសចរណ៍ និង​តំបន់​អេកូ​ទេសចរណ៍​ផងដែរ ដែល​វា​បាន​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​នេះ​។ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ឥរិយាបថ​របស់​ភ្ញៀវទេសចរ បាន​ងាក​ត្រឡប់​ទៅរក​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង សហគមន៍​ទេសចរណ៍ និង​តំបន់​អេកូ​ទេសចរណ៍ ច្រើនជាង​គោលដៅ​ទេសចរណ៍​បែប​ប្រមូលផ្ដុំ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹង​ដែរ​ថា ការបញ្ចូល​សកម្មភាព​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​នៅក្នុង​សហគមន៍​ដែលមាន​សក្តានុពល បានផ្តល់​ប្រយោជន៍​ជាច្រើន ដូចជា​ការបង្កើត​ការងារ ប្រាក់ចំណូល និង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​ផ្ទាល់ មិន​ថា​សហគមន៍​នោះ​ស្ថិតក្រោម​ក្រសួង​ណា​ឡើយ​។ តួយ៉ាង​ដូច​ក្នុងករណី​របស់​សហគម​ន៍​តំបន់ការពារធម្មជាតិ​រលាក់​កងជើង​របស់​ក្រសួងបរិស្ថាន សហគមន៍​នេសាទ​ផាត់​សណ្ដាយ​របស់​រដ្ឋ​បាលជ​ល​ផល សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍​របស់​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍​ទេសចរណ៍​ទួល​ព័ន្ធ​តា​ឡី (​បឹង​ស្នេហ៍​) ដែលមាន​ការចូលរួម​របស់​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានផ្ដល់​អនុសាសន៍​មួយចំនួន​ជូន​ដល់​អង្គប្រជុំ ក៏ដូចជា​ក្រុមការងារ​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ ក្នុងនោះ​រួមមាន​៖ លេខាធិការដ្ឋាន​ត្រូវ​សម្របសម្រួល​ជាមួយ​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍​ខាងលើ​។ ឯកភាព​ក្នុងការ​រៀបចំ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ប៉ុន្តែ​ស្នើសុំ​រៀបចំ​តាម​ស្មារតី​អង្គប្រជុំ និង​ស្ថានភាព​ជាក់ស្ដែង ស្របតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ លេខាធិការដ្ឋាន​ត្រូវធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ គោរព​ជូន រាជរដ្ឋាភិបាល​ដើម្បី​ជ្រាប​និង​ផ្តល់​អនុសាសន៍​ណែនាំ​និង ក្រុមការងារ​ត្រូវខិតខំ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​លើក​ទី​៦ យ៉ាងយូរ​៦​ខែ​ទៀត ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​នានា​របស់​សហគមន៍ ដូចដែល​យើង​បានដាក់​ចេញ​នា​កិច្ចប្រជុំ​លើក​ទី​៥ នេះ​៕ ដោយ​៖​កូ​ឡាប​