Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​សម្រាប់​មនុស្ស​ចាស់ ជា​ឱកាស​ដើម្បី​បង្ហាញ​អំពី​ការលើកទឹកចិត្ត និង​ដឹងគុណ ចំពោះ​ពលី​កម្ម​របស់​មនុស្ស​ចាស់ បានផ្តល់​ចំពោះ​ការកសាង និង​អភិវឌ្ឍ​សង្គមជាតិ​

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បាន​ថ្លែង​សារ​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​សម្រាប់​មនុស្ស​ចាស់​។  ​ថ្ងៃទី​១ ខែតុលា​នេះ កម្ពុជា​និង​ពិភពលោក​បានរៀបចំ​ទិវា​មនុស្ស​ចាស់ ដើម្បី​លើកតម្កើង​សុខភាព និង​សុខមាលភាព​របស់​មនុស្ស​ចាស់ សំដៅ គិតគូរ​អំពី​សុខភាព​និង​ធានាថា​ពុំមាន​មនុស្ស​ចាស់​ត្រូវបាន​បោះបង់ នោះឡើយ​។​

​សម្តេច​ហេង សំរិន បាន​មានប្រសាសន៍ថា “​ការ​ប្រារព្ធ​ពិធី​នេះ ក៏​ជា​ឱកាស​ដើម្បី​បង្ហាញ​អំពី​ការលើកទឹកចិត្ត និង​ដឹងគុណ ចំពោះ​ពលី​កម្ម​របស់​មនុស្ស​ចាស់ បានផ្តល់​ចំពោះ​ការកសាង និង​អភិវឌ្ឍ​សង្គមជាតិ​។​
​មិន​ថា​នៅក្នុង​សង្គមជាតិ ឬ​ក្រុមគ្រួសារ បើ​គ្មាន​ពលី​កម្ម​របស់​ពួកគាត់ គឺ​យើង​គ្រប់គ្នា មិនមាន​ថ្ងៃ​នេះឡើយ​។ មនុស្ស​ចាស់​មាន​តួនាទី​ដ៍​សំខាន់ ក្នុងការ​បង្កើត​ធនធាន​ដ៍​មាន​ប្រយោជន៍ ព្រមទាំង​ផ្តល់នូវ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​យ៉ាងច្រើន ឥត​គណនា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​”​។​

​សម្តេច​ប្រធានរដ្ឋសភាជាតិ បាន​លើកឡើងថា ឆ្នាំ​២០២០ នេះ ជា​ខួប​លើក​ទី ៣០ នៃ​ទិវា​មនុស្ស​ចាស់ ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​កិច្ច​គាំពារ ដ៍​មាន​ប្រសិទ្ធភាព ដល់​អ្នកមានគុណ ដែលជា​មនុស្ស​ចាស់ ជា​បុព្វការី​ជន របស់​យើង សំដៅ​លើកកម្ពស់​សុខមាលភាព​ពួកគាត់​ឲ្យ​កាន់តែ​ប្រសើរ​។​
​នៅ​កម្ពុជា សុខភាព​របស់​ប្រជាជន​គ្រប់រូប គ្រប់​វណ្ណៈ និង​គ្រប់​វ័យ​ទាំងអស់​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ប្រកបដោយ​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​។​
​រដ្ឋសភា និង​រាជរដ្ឋាភិបាល ចាត់ទុក​ទិវា​មនុស្ស​ចាស់​កម្ពុជា​និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ជា​ទិវា​បុណ្យ​រំលឹក​ដល់​គុណូបការៈ​របស់ បុព្វការី​ជន ជីដូន​ជីតា ឪពុកម្តាយ អ៊ំ ពូ មីង ទាំងអស់​ដែល​បាន​កសាង​និង​បន្សល់ទុក​នូវ​កេរ​មរតក​ដ៏​ថ្លៃថ្លា សម្រាប់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​៕
​ដោយ​៖​កូ​ឡាប​

×