កោះកុង៖ ក្នុងការបំពេញតួនាទីតាមដានការអនវុត្តច្បាប់ និងតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រួមជាមួយគណៈកម្មការទី៩ព្រឹទ្ធសភា បានរៀបចំវេទិកាពិគ្រោះយោបល់ជាសាធារណៈរវាងគណៈប្រតិភូសមាជិកព្រឹទ្ធសភាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្តីពី សកម្មភាពគាំទ្រអភិវឌ្ឍន៍ឃុំ សង្កាត់ របស់ថ្នាក់ខេត្ត ក្រុង ស្រុក នៅខេត្តកោះកុង។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងថ្នាក់ដឹកនាំក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកោះកុង សរុបចំនួន១០០នាក់ នៅសាលមហោស្របខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។
ជាកិច្ចចាប់ផ្តើម លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឡើងមានមតិស្វាគមន៍ និងបើកវេទិកានាឱកាសនេះថា ការរៀបចំវេទិកានាថ្ងៃនេះ ពិតជាមាមសារសំខាន់ក្រៃលែងក្នុងការផ្តល់លទ្ធភាពឱ្យស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ អាចធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយតំណាងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សំដៅជារួម ជាយន្តការគ្រប់គ្រង ចែករំលែកព័ត៌មាន និងចំណេះដឹង ឈ្វេងយល់កាន់តែស៊ីជម្រៅ និងឈានទៅការកំណត់អំពីឬសគល់នៃបញ្ហា ដើម្បីបង្ការទប់ស្តាត់ និងឆ្លើយតបឱ្យសមស្រប និងប្រិសទ្ធភាពខ្ពស់ទៅតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន និងជាយន្តការផ្សព្វផ្សាយអំពីមុខងារតំណាង មុខងារនីតិកម្ម និងមុខងារតាមដានការអនុវត្តច្បាប់របស់ព្រឹទ្ធសភា ទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់។
លោកជំទាវអភិបាលខេត្ត ក៏បានសំណូមពរដល់អង្គវេទិកាថ្នាក់ក្រោមជាតិ មេត្តាចូលរួមយកចិត្តទុកដាក់ត្រងត្រាប់ចាប់យកនូវបទពិសោធថ្មីៗ និងចួលរួមផ្លាស់ប្តូរព័ត៌មាននានាដែលធ្លាប់អនវុត្តកន្លងមក តាយរយៈកម្មវិធីតេឡេក្រាម នៅក្នុងខេត្តកោះកុង រវាងក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរអង្គភាពជំនាញ និងរដ្ឋបាលខេត្ត ដែលបានផ្តល់ផលវិជ្ជមានជាច្រើន ពិសេសសហការផ្តល់ព័ត៌មាន អំពីបញ្ហាប្រឈមផ្សេងៗ របសក្រុមប្រឹក្សាឃុំ សង្កាត់ មានភាពរហ័យ និងទាន់ពេលវេលា ។ ជាមួយគ្នានេះ សូមអង្គវេទិកាលើកជាយោបល់នូវបញ្ហាប្រឈមនានា សំណូមពរ ឬជាសំណួរឱ្យស្របតាមគោលបំណងដែលបានគ្រោងទុក។
អង្គវេទិកាប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានបទបង្ហាញអំពីគោលបំណង សំណូមពររបស់អង្គវេទិកា និងអត្ថប្រយោជន៍នៃការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មានវិទ្យា និងសារគមនាគមន៍ ដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បទអត្ថធិប្បាយអំពីការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង តេឡេក្រាម របស់រដ្ឋបាលខេត្តកោះកុងជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងបរិបទសម័យឌីជីថល ដោយតំណាងក្រុមយន្តការថ្នាក់ខេត្តក្នុងការរៀបចំក្បាលម៉ាស៊ីនជួយក្រុងប្រឹក្សាឃុំ សង្កាត់ ចំណាប់អារម្មរបស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ។
បន្ទាប់ពីការពិភាក្សាគ្នាអំពីបញ្ហាប្រឈម សំណូមពរ និងការបកស្រាយបំភ្លឺ និងរកដំណោះស្រាយពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងគណៈកម្មការទី៩ព្រឹទ្ធសភា អាជ្ញាធរមូលដ្ឋាន និងតំណាងក្រសួងមហាផ្ទៃរួចមក ឯកឧត្តម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមភាគទី៧ បានធ្វើការបូកសរុប និងបិទអង្គវេទិកានាឱកាសនេះថា តាមរយៈវេទិកាមួយព្រឹកនេះ ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះលទ្ធយ៉ាងច្រើនរបស់អង្គវេទិកាដែលរួមគ្នាចែករំលែកព័ត៌មាន មតិយោបល់ និងបទពិសោធន៍ល្អៗដ៍មានតម្លៃជាគុណប្រយោជន៍បង្កើនសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តការងារ តាមរយៈប្រព័ន្ធតេឡេក្រាមរវាងក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់មន្ទីរជំនាញជុំវិញខេត្ត ដើម្បីបានផ្ដល់ផលវិជ្ជមានជាច្រើន ជាពិសេសការផ្ដល់ព័ត៌មាន បញ្ហាប្រឈមផ្សេងៗរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យមានភាពឆាប់រហ័ស បានទាន់ពេលវេលា និងចំគោលដៅដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរឡើង។
ឯកឧត្តមបានមានប្រសាសន៍ថា តាមរយៈវេទិកានាពេលនេះ យើងសង្កេតឃើញថាដំណោះស្រាយត្រូវបានផ្ដល់ជូនភ្លាមៗ និងឆាប់រហ័សពីថ្នាក់អង្គភាព មន្ទីរជំនាញខេត្តពាក់ព័ន្ធយ៉ាងមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវ ការអធ្យាស្រ័យខ្ពស់រវាងថ្នាក់ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់។ ជាពិសេស អង្គវេទិកាបានឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើការផ្ដល់ព័ត៌មានរវាងក្រុមប្រឹក្សាឃុំ-សង្កាត់ និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធនានារបស់ខេត្តកោះកុង បានឆាប់រហ័សទាន់ពេលវេលា ផ្ដល់ដំណោះស្រាយបានលឿន មានប្រសិទ្ធភាព ព្រមទាំងការឆ្លើយតបនិងកិច្ចពិភាក្សាផ្សេងៗមានភាពស្និទ្ធស្នាល យោគយល់និងសាមគ្គីភាពរវាងគ្នា និងគ្នា៕ដោយ៖បញ្ញាស័ក្តិ