ភ្នំពេញ ៖ មានគណនី Facebook ឈ្មោះ “អ្នកនាង មេបក្ស” បានបង្ហោះផ្សព្វផ្សាយខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមថា «ឡានបាត់ម្ចាស់រកឃើញ តែយកវិញមិនបានហេតុអ្វី»? ពាក់ព័ន្ធករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះ ម្ចាស់រថយន្ដដែលជាដើមបណ្ដឹងបានទំនាក់ទំនងជាមួយជំនាញ ដើម្បីស្នើសុំរថយន្ដរបស់ខ្លួនពីមន្ដ្រីនគរបាល ប៉ុន្ដែក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ពុំអាចអនុញ្ញាតប្រគល់រថយន្ដនោះ ជូនដើមបណ្ដឹងវិញភ្លាមៗបាននោះទេ ដោយត្រូវរង់ចាំការសម្រេចពីតុលាការ។
ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមបំភ្លឺជូនគណនី Facebook ឈ្មោះ អ្នកនាង មេបក្ស ដែលបានបង្ហោះផ្សព្វផ្សាយខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមថា «ឡានបាត់ម្ចាស់រកឃើញ តែយកវិញមិនបានហេតុអ្វី»?
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ទូច សុធារិទ្ធ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៩I ផ្លូវ១០៦ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សុំប្ដឹងឈ្មោះ វួន ម៉េងលី ភេទប្រុស អាយុ២៩ឆ្នាំ ពីបទឆបោក (ឆបោករថយន្ដ)។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនឈ្មោះ វួន ម៉េងលី នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដកហូតបានវត្ថុតាងជារថយន្ដរបស់ដើមបណ្ដឹងចំនួន១គ្រឿងផងដែរ។
ករណីនេះ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះ ម្ចាស់រថយន្ដដែលជាដើមបណ្ដឹងបានទំនាក់ទំនងជាមួយជំនាញដើម្បីស្នើសុំរថយន្ដរបស់ខ្លួនពីមន្ដ្រីនគរបាល ប៉ុន្ដែក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ពុំអាចអនុញ្ញាតប្រគល់រថយន្ដនោះ ជូនដើមបណ្ដឹងវិញភ្លាមៗបាននោះទេ ដោយត្រូវរង់ចាំការសម្រេចពីតុលាការជាមុនសិន។
ក្នុងន័យនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការច្រានចោលទាំងស្រុងចំពោះការលើកឡើងថា មូលហេតុដែលមិនប្រគល់រថយន្ដជូនជនរងគ្រោះវិញ ដោយសារឲ្យលុយមិនដល់ និងចាត់ទុកថា ការចោទប្រកាន់នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ដ្រីនគរបាលយុត្តិធម៌ ដែលមានភារកិច្ចអនុវត្តច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន សាធារណជន និងជាពិសេសម្ចាស់គណនីហ្វេសប៊ុកខាងលើ មេត្ដាជ្រាប និងសូមចៀសវាងធ្វើការសន្និដ្ឋានលើរឿងហេតុខាងលើ ដោយពុំយល់អំពីទិដ្ឋភាពច្បាប់ ៕ដោយ៖កូឡាប