ខេត្តកំពត៖ ម្ចាស់ចំការម្រេចប្រមាណជិត ៧០កន្លែង ក្នុងចំណោមជាង ៤០០កន្លែងក្នុងខេត្តកំពត បានបង្ខំចិត្តបោះបង់ចោលការដាំម្រេច ព្រោះតែអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ អូសបន្លាយយូរផលិតផលធ្វើបាន ត្រូវរាំងស្ទះពិបាកក្នុងការលក់ចេញ។
ចំការម្រេចដែលបង្ខំចិត្តបោះបង់ទាំងនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមម្រេចកំពត ដោយហេតុផលដែលពួកគាត់មិនបន្តអាជីវកម្មធ្លាប់មានជាយូរលង់មកហើយនោះ ដោយសារជំងឺកូវីដ១៩ បានអូសបន្លាយជាច្រើនខែកន្លងមក ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បានឲ្យដឹងថា មកដល់ពេលនេះ ម្ចាស់កសិដ្ឋាន ចំនួន ៦៨ កន្លែង បានបោះបង់ចោលការដាំម្រេច ក៏ដូចជាការថែទាំដំណាំរបស់ខ្លួន។
លោកបន្តថា សមាគមម្រេចកំពតគ្រប់គ្រងកសិដ្ឋានម្រេចក្នុងខេត្តកំពត និងខេត្តកែប ៤៤៧គ្រួសារ ជាអ្នកផលិត និងគ្របដណ្តប់លើផ្ទៃដី ២៩០ហិកតា ក្នុងនោះមានក្រុមហ៊ុនកែច្នៃវេចខ្ចប់សម្រាប់នាំចេញចំនួន៣៧។
ប្រធានសមាគមម្រេចកំពតរូបនេះ បានបញ្ជាក់ថា នៅមានសមាជិកសមាគមជាច្រើនទៀតកំពុងត្រៀមបោះបង់មុខរបរនេះផងដែរ។ ហេតុផលដែលពួកគាត់មិនបន្តអាជីវកម្មធ្លាប់មានជាយូរលង់មកហើយនោះ ព្រោះតែអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ផលិតផលធ្វើបានត្រូវរាំងស្ទះពិបាកក្នុងការលក់ចេញ។
លោក បានបញ្ជាក់ទៀតថា ក្រៅពីកត្តាទីផ្សារ ក្រុមហ៊ុនធំៗដែលបោះបង់ការផលិតទាំងនោះ ជួបបញ្ហាបច្ចេកទេសគ្រប់គ្រង ព្រោះដើម្បីទទួលបានគុណភាពល្អ ម្រេចកំពត មានការលំបាកក្នុងការផលិត។ ហានិភ័យទាំងនេះហើយ ទើបជំរុញឱ្យម្ចាស់កសិដ្ឋានបោះបង់ចោលនូវការផលិត។
លោក ងួន ឡាយ បានបញ្ជាក់បន្ថែមថា ជាទូទៅក្នុងចំណោមម្រេចប្រមាណ ៧០តោន ដែលលក់ចេញរៀងរាល់ឆ្នាំ គឺនាំចេញទៅក្រៅប្រទេសតែរង្វង់ ៤០តោន ឯ ៣០តោនទៀត សម្រាប់ភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តទិញដោយផ្ទាល់ប៉ុណ្ណោះនៅចំការ។ ប៉ុន្តែបច្ចុប្បន្នដោយសារតែវិបត្តិជំងឺកូវីដ១៩ មិនមានភ្ញៀវអន្តរជាតិចូលមកដូចបណ្តាឆ្នាំមុនៗ ទើបធ្វើឱ្យបរិមាណម្រេចលក់ចេញមានការថយចុះ។
គួរបញ្ជាក់ថា បើតាមប្រធានសមាគមម្រេចកំពត កាលពីឆ្នាំ២០១៩ ម្រេចដែលបានលក់ចេញមានចំនួន ៧២តោន។ ដោយឡែកគិតមកដល់ចុងខែកញ្ញា ឆ្នាំ២០២០ ការលក់ចេញបានប្រមាណ ៤៣តោន ដែលភាគច្រើនជារបស់ក្រុមហ៊ុនធំៗ ផលិត និងវេចខ្ចប់ដោយខ្លួនឯង៕ ដោយ៖CEN