មនុស្សគ្រប់រូបបានយល់ដឹងអំពីគ្រោះថ្នាក់នៃការជក់បារី ។ ហើយថ្វីបើមានការព្រមានពីការផ្សាយពាណិជ្ជកម្មទូរទស្សន៍ និងសូម្បីបិទប្រកាសនៅលើកញ្ចប់បារីក៏ដោយ ក៏មនុស្សជាច្រើននៅតែបន្តជក់បារីដោយសារមូលហេតុផ្សេងៗដូចជាការញៀន ។
ក្រៅពីគ្រោះថ្នាក់ដល់សុខភាព នោះការជក់បារីក៏ខាតបង់ថវិការច្រើនណាស់ផងដែរ ។ ពិតណាស់ អ្នកញៀនបារីជាច្រើន តែងប្រើវិធីផ្សេងៗទៅតាមលក្ខណៈវិជ្ជសាស្ត្រផ្តល់ដំបូន្មាន ដើម្បីផ្តាច់ការញៀនជក់បារី ។ ប៉ុន្តែ សម្រាប់បុរសម្នាក់នេះ បានធ្វើឲ្យមនុស្សគ្រប់ៗគ្នាមានការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ជាមួយវិធីផ្តាច់ជក់បារីដ៏ចម្លែករបស់គាត់ ។ ជាក់ស្តែង ដើម្បីផ្តាច់ជក់បារី បុរសទួគីម្នាក់បានប្រើ «ទ្រុង» គ្របក្បាលរបស់គាត់ និងផ្តល់កូនសោឲ្យប្រពន្ធរបស់គាត់ជាអ្នកចាក់ នៅមុននិងក្រោយពេលទទួលទានអាហារ ។
ដោយសារចង់រក្សាការសន្យានូវទម្លាប់ដ៏អាក្រក់របស់របស់ខ្លួន លោក Ibrahim Yucel បានសម្រេចចិត្តបង្កើតទ្រុងចាក់សោមួយ ដើម្បីពាក់ក្បាលរបស់គាត់ ដូច្នេះ គាត់នឹងពុំអាចជក់បារីបាន ។
គួរបញ្ជាក់ថា បុរសអាយុ ៤២ ឆ្នាំ រូបនេះ បានកំពុងជក់ញៀនជក់បារី ២ កញ្ចប់ ក្នុង១ថ្ងៃ និងប្រើប្រាស់វាអស់រយៈពេលជាង ២០ ឆ្នាំ មកហើយ ប៉ុន្តែ គាត់សម្រេចចិត្តបញ្ឈប់ជក់ នៅពេលឪពុករបស់គាត់ស្លាប់ដោយមហារីកសួត ។ គាត់បានព្យាយាមឈប់ជក់ជាច្រើនលើកមកហើយ ប៉ុន្តែ តែងតែបរាជ័យនៅទីបញ្ចប់ ៕ ចន្ទី