លោកប្រធានាធិបតីហ្វីលីពីន ឌុយទែរតេបានបញ្ជានាថ្ងៃសុក្រ ទី៩ កុម្ភៈ ឲ្យលុបចោលកុងត្រាទិញឧទ្ធម្ភាគចក្រពីក្រុមហ៊ុនកាណាដា Bell ចំនួន ១៦គ្រឿង ដែលមានទឹកប្រាក់សរុបចំនួន ២៣៥លានដុល្លារអាមេរិក។ ការសម្រេចរបស់លោកឌុយទែរតេដូចនេះបានធ្វើឡើង មួយថ្ងៃក្រោយពីរដ្ឋាភិបាលកាណាដារបស់លោកនាយករដ្ឋមន្ត្រី Justin Trudeau បានរិះគន់លើការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន។
លោកប្រធានាធិបតីហ្វីលីពីនឌុយទែរតេថ្លែង: « ខ្ញុំចង់និយាយប្រាប់កងទ័ពឲ្យលុបកុងត្រាទិញឧទ្ធម្ភាគចក្រពីប្រទេសកាណាដា។ លុបកុងត្រានោះចោលទៅ ហើយយើងនឹងរកទិញពីប្រទេសផ្សេងវិញ »។
ការសម្រេចរបស់លោកឌុយទែរតេពេលនេះបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកាណាដារបស់លោកនាយករដ្ឋមន្ត្រី Justin Trudeau បានគំរាមនាថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈថា នឹងបញ្ឈប់កុងត្រាលក់ឧទ្ធម្ភាគចក្រទៅឲ្យកងទ័ពហ្វីលីពីនដែលបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ ២០១៧។ លោកស្រីប្រមុខការទូតកាណាដា Chrystia Freeland ថ្លែងថា: « លោកនាយករដ្ឋមន្ត្រី និងរូបខ្ញុំផ្ទាល់បានមើលឃើញយ៉ាងច្បាស់ពីការរំលោភបំពានសិទ្ធិមនុស្ស និងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនៃរបបដឹកនាំរបស់លោកឌុយទែរតេ » ។ នៅកាណាដា កុងត្រាលក់ឧទ្ធម្ភាគចក្រទៅឲ្យកងទ័ពហ្វីលីពីនក៏ទទួលបានការរិះគន់ ទិតៀនចាស់ដៃពីគណបក្សប្រឆាំងក្នុងរដ្ឋាភិបាលរបស់លោក Trudeau ដែលបារម្ភពីការដែលកងទ័ពហ្វីលីពីនយកឧទ្ធម្ភាគចក្រទាំងនោះទៅសម្លាប់ជនស៊ីវិលស្លូតត្រង់។
លោកឌុយទែរតេខ្លួនឯងបានសារភាពថា:ពិតជារឿងចៀសមិនរួចដែលឧទ្ធម្ភាគចក្រទិញពីកាណាដានឹងត្រូវយកទៅប្រើនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម និងពួកភេរវជន។
កងទ័ពហ្វីលីពីនបានប្រើឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងផ្សេងទៀតជាមួយនឹងកម្លាំងថ្មើរជើងដើម្បីវាយប្រហារលើជម្រករបស់ពួកទ័ពព្រៃកាន់សាសនាអ៊ីស្លាម និងរបស់ពួកឧទ្ទាមកុម្មុយនិស្តនៅទីកន្លែងជាច្រើន។ យ៉ាងណាក៏ដោយ ភាពប្រទូស្ត្រាយរវាងហ្វីលីពីន និងកាណាដាពេលនេះបានធ្លាក់មក ចំពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេទើបបានប្រកាសពីការបើកស៊ើបអង្កេតបឋមលើសំណុំរឿងចោទលោកឌុយទែរតេពីបទធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់នៅក្នុងនយោបាយប្រឆាំងគ្រឿងញៀនរបស់លោក៕