ប្រព័ន្ធផ្សព្វផ្សាយផ្លូវការកូរ៉េខាងជើង នៅថ្ងៃទី ០៩ ខែកុម្ភៈ បានបញ្ជាក់ថា សេនាប្រមុខរង Hwang Pyong So ត្រូវបានដកហូតមុខតំណែង បន្ទាប់ពីសារព័ត៌មានលោកខាងលិចទស្សន៍ទាយថា មេទ័ពរូបនេះនឹងត្រូវដកហូតមុខតំណែង ព្រោះតែអំពើពុករលួយ។
ទីភ្នាក់ងាព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយព័ត៌មានពីពិធីត្រួតពលនៅថ្ងៃទី៨ កុម្ភៈ នាក្រុងព្យុងយ៉ាង និងបាននិយាយដល់រដ្ឋមន្ត្រី បណ្តាកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង Kim Jong Gak សេនាប្រមុខរង និងជាអគ្គស្នងការនយោបាយ ដែលតួនាទីទាំងនេះ មុននោះត្រូវបានក្តោបក្តាប់ ដោយលោក Hwang Pyong So។
អគ្គស្នងការនយោបាយគឺជាស្ថាប័នយោធាមានអំណាចកំពូលនៅកូរ៉េខាងជើង ព្រោះវាទទួលបន្ទុកការតែងតាំងមន្ត្រីយោធា ក៏ដូចជាការត្រួតពិនិត្យមនោគមវិជ្ជាលើពលទាហាន ១,៣លាននាក់ របស់ប្រទេសនេះ។
លោក Hwang គឺជាបុគ្គលម្នាក់ធ្លាប់ត្រូវបានគេចាត់ទុកថា ជាដួងតារាថ្មីទើបរះលើឆាកនយោបាយកូរ៉េខាងជើង បានត្រូវដកហូតមុខតំណែងទាំងអស់បន្ទាប់ពីមានការស៊ើបអង្កេតមួយទៅលើស្ថាប័ននេះ។ លោក Hwang បានត្រូវគេបញ្ជូនទៅកាន់សាលាអប់រំសតិអារម្មណ៍។ គាត់បានត្រូវចោទប្រកាន់ពីបទសូកពុករលួយ និងទទួលសំណូក៕ សូយន