Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ​-​ឥស្លាម ករណី​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​អារ៉ាប់ , សមត្ថកិច្ច​កំពុង​ស្នើ​សុំ​ដីកា​ចាប់ខ្លួន លោក អះ​ម៉ាត់ យ៉ះ​យ៉ា ដែល​ត្រូវជា​ពូ​

​ភ្នំពេញ​៖ បុរស​ម្នាក់​ជា​ជនជាតិខ្មែរ​-​ឥស្លាម ដែល​ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅ​ធ្វើ​ការខុសច្បាប់ នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត កាលពី​អំឡុង​ឆ្នាំ​២០០៤ ត្រូវបាន​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាប់ខ្លួន យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ចំនួន​២​នាក់ កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ពេល​ជនសង្ស័យ​កំពុងធ្វើដំណើរ​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​មន្ដ្រីនគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ី​ស្មា​អែល ពិន​ឧស្ម័ន អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ​-​ឥស្លាម មុខរបរ​ធ្វើ​ស្លាក​លេខ​រថយន្ត ទីកន្លែង​កំណើត ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះ​លេខ​៣៦H ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​ជា​ក្មួយបង្កើត លោក អះ​ម៉ាត់ យ៉ះ​យ៉ា អតីត​រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ។​

​សង្ស័យ​ឈ្មោះ អ៊ី​ស្មា​អែល ពិន​ឧស្ម័ន និង​វត្ថុតាង កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ រីឯ​ជនសង្ស័យ​ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា និង​បក្ខពួក សមត្ថកិច្ច​កំពុង​ស្នើ​សុំ​ដីកា ស្វែងរក​ចាប់ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​ចំណែក ជនរងគ្រោះ​ទាំងអស់​ដែល​ទៅ​ធ្វើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ទើបតែ​សង្គ្រោះបាន​ចំនួន​២​នាក់​ប៉ុណ្ណោះ ដោយ​មាន​ការអន្តរាគមន៍​ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ហើយ​បាន​វិលត្រឡប់​មក​កម្ពុជា​វិញ​។

​សូមបញ្ជាក់​ថា អំឡុង​ឆ្នាំ​២០០៤ ជនសង្ស័យ​អ៊ី​ស្មា​អែល ពិន​ឧស្ម័ន បាន​ឃោសនា​ក្នុងភូមិ​ថា ឈ្មោះ អះ​ម៉ាត់ យ៉ះ​យ៉ា ត្រូវជា​ពូ​របស់ខ្លួន ត្រូវ​ការជ្រើសរើស​ពល​ការិនី​បញ្ជូន ទៅ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ប្រាក់​ឈ្នួល​២២០​ដុល្លារ កិច្ចសន្យា​ការងារ​រយៈ​ពេល​២​ឆ្នាំ ចំពោះ​ឯកសារ​បែបបទ លិខិតឆ្លងដែន និង​សោហ៊ុយ​ធ្វើ​ដំណើរ​លោក​អះ​ម៉ាត់ យ៉ះ​យ៉ា ជា​អ្នកចំណាយ​។ ជនសង្ស័យ​បាន​អូស​ទាញ​ពលរដ្ឋ​ចំនួន​ជាង​២០​នាក់ នាំទៅ​ប្រគល់ឲ្យ​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ស្នាក់​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ពេលនោះ​ជនរងគ្រោះ ត្រូវបាន​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ធ្វើឯកសារ​ក្លែងក្លាយ ហើយ​បាន​បញ្ជូន​ទៅ​ធ្វើ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ។ នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ជនរងគ្រោះ​ត្រូវបាន​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម បិទ​សិទ្ធិសេរីភាព ហើយ​ត្រូវបាន​គេ​លក់​បន្ត​ទៅឲ្យ​ថៅកែ​ផ្សេង​ទៀត​ឲ្យធ្វើ​ការងារ​ផ្ទះ​និង​រង​ការរំលោភ​ផ្លូវភេទ និង​មិន​ទទួលបាន​ប្រាក់​ឈ្នួល ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×