Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ឯកសារ​ទស្សនទាន​ដើម្បី​រៀបចំ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ឯកសារ​ទស្សនទាន ដើម្បី​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន នាយកដ្ឋាន​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​ជំនាញ​ជាច្រើនរូប​ផងដែរ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​។

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ក្នុងថ្ងៃនេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​រួមគ្នា​ពិនិត្យ ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​បន្ថែម​លើ​ឯកសារ​ទស្សនទាន ដើម្បី​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ ក្នុងន័យ​បន្ត​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​អោយ​កាន់​តែមាន​ប្រសិទ្ធភាព​។​

សម្ដេច​ក្រឡាហោម​បាន​បន្តថា កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​១ នឹងត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​មាន​បញ្ហា​មួយចំនួន​មិនទាន់បាន​ដោះស្រាយ​ចប់សព្វគ្រប់​នៅឡើយ ដូចនេះ ត្រូវ​ទាមទារ​ឲ្យ​បន្ត​ដោះស្រាយ​នៅក្នុង​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២ ដើម្បី​ជា​សក្ខីភាព​បង្ហាញ​ឲ្យ​ឃើញថា​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ មាន​លក្ខណៈ​ជាក់លាក់ និង​ទទួលលទ្ធផល​ល្អ​។​

​គួរ​ជម្រាបជូន​ថា ឯកសារ​ទស្សនទាន ដើម្បី​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២​នេះ ជា​ឯកសារ​ត្រូវអនុម័ត​ដោយ​រាជរដ្ឋាភិបាល ដើម្បី​តម្រង់ទិស​អំពី​ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និង​សមាសភាគ​សំខាន់ៗ​ក្នុងការ​រៀបចំ​ឯកសា​រ​លម្អិត​នៃ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២​។ ព្រម​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​រៀបចំតាក់តែង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ ក្នុង​គោលបំណង​បន្ត​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម បន្ត​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​បន្ត​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×