ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និងជាប្រធានវេទិកាភាពងាយរងគ្រោះអាកាសធាតុ(CVF) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ថ្នាក់ដឹកនាំរបស់វេទិកាភាពងាយរងគ្រោះ នៃអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០ ស្របពេលសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
នៅក្នុងបទអន្តរាគមន៍ផ្សាយបន្តផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកឡើងអំពីផលប៉ះពាល់ ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក។
សម្តេចតេជោ នឹងគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាលើ បញ្ហាការប្រែប្រួលអាកាសធាតុ ដែលឆ្លុះបញ្ចាំងតាមរយៈការដាក់បញ្ចូលវិធានការកាត់បន្ថយផលប៉ះពាល់ ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ ដំណើរការទៅមុខយ៉ាងឆាប់រហ័សនៅកម្ពុជានៃក្របខ័ណ្ឌគតិយុត្តនិង បច្ចេកទេសសម្រាប់កម្មវិធីសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលកើតឡើងដោយសារការ កាប់បំផ្លាញនិងការសឹករេចរឹលនៃព្រៃឈើបូក (REDD+) និងការផ្តល់ទាន់ពេលវេលានូវរបាយការណ៍ -បច្ចុប្បន្នភាពស្ដីពីការចូលរួមចំណែករបស់ជាតិ ” ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (NDC Update-UNFCCC)។
សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់អនុសាសន៍មួយចំនួនស្តីពីការឆ្លើយតបឲ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពចំពោះឥទ្ធិពលអវិជ្ជមាននៃ ការប្រែប្រួលអាកាសធាតុទៅលើបរិស្ថាន សេដ្ឋកិច្ច និងសង្គម។
ក្នុងនាមជាវេទិកាពិភពលោកដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់វេទិកាភាពងាយរងគ្រោះ នៃអាកាសធាតុ នឹងមានការចូលរួមពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រមុខរដ្ឋ និង រដ្ឋាភិបាល ក៏ដូចជាដៃគូសំខាន់ៗផងដែរ។ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំនេះ គូសបញ្ជាក់ពីភាពបន្ទាន់នៃការធ្វើ សកម្មភាព និងតម្រូវការឲ្យប្រទេសទាំងអស់ធ្វើបច្ចុប្បន្នភាពអំពីការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្ត កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ វេទិកាក៏នឹងសង្កត់ធ្ងន់លើសារសំខាន់ចាំបាច់ក្នុងពង្រឹងកិច្ចប្រឹងប្រែងកសាង ភាពធន់នឹងអាកាសធាតុ ព្រមគ្នានឹងការឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារឡើងវិញ ក្រោយពីវិបត្តិនេះ ដើម្បីរក្សាកម្លាំងសន្ទុះនៃការងារពង្រឹងភាពស៊ាំ និងកាត់បន្ថយការខូចខាត និង្កការ បម្លាស់ទីជម្រកបង្កឡើងដោយគ្រោះធម្មជាតិ៕ដោយ៖កូឡាប