ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានចេញប្រតិបត្តិការយ៉ាងសកម្មនិងម៉ឺងម៉ាត់ ដោយដាក់ចេញជាគោលដៅរហូតដល់១៦គោលដៅនិងបានឃាត់រថយន្តធុនធ្ងន់ សរុបចំនួន ៤៨៤គ្រឿងផងដែរ សម្រាប់រយៈពេលមួយយប់ថ្ងៃទី៩ឆ្លងថ្ងៃទី១០កុម្ភៈនេះ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ០០យប់ឈានចូលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជារដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជារការរាជអាវុធរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគោលដៅចំនួន ១៦កន្លែងក្នុងរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា លទ្ធផលប្រតិបត្តិការកាលពីយប់មិញ បានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន ៤៨៤គ្រឿង ក្នុងនោះមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ៦គ្រឿង រថយន្តល្មើសច្បាប់ចរាចរ គ្មានឯកសារចំនួន ៥០គ្រឿង រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ៤២៨គ្រឿង។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣.៦៥៧គ្រឿង ក្នុងនោះ រថយន្ត ២.៩៥៣គ្រឿង ដឹកលើសទម្ងន់ចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥.៧៧៨.៨២០.០០០រៀលផងដែរ ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈនេះតទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង ៕ ដោយ៖កូឡាប