មន្ត្រីការទូតជាន់ខ្ពស់របស់ចិនឈ្មោះ យ៉ាង ជាឈឺ (Yang Jiachi) បានថ្លែក្នុងជំនួបជាមួយនឹងប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្រទេសចិន និងអាមេរិចអាចប្រឹង ធ្វើកិច្ចការឲ្យច្រើនទៀតជាមួយគ្នា ដើម្បីសម្របសម្រួលលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។
អាមេរិចបានដាក់សម្ពាធលើចិន ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង ដើម្បីឲ្យចិនធ្វើកិច្ចការ ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ចិនបាននិយាយថា ខ្លួនមានការប្តេជ្ញាក្នុងការអនុវត្តឲ្យបានពេញលេញនូវសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ប៉ុន្តែភាគីទាំងអស់ត្រូវតែខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង និងធ្វើឲ្យមានការចាប់ផ្តើមការចរចារឡើងវិញ។
ចិនក៏បានបញ្ជាក់ផងដែរថា ខ្លួនសង្ឃឹមថា មិត្តភាពនៃទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងជុំវិញព្រឹត្តិការណ៏អូឡាំពិចខែនេះ អាចនាំឲ្យមានកិច្ចចរចារជាប្រចាំរវាងប្រទេសទាំងពីរនិងកិច្ចចរចាររវាងព្យុងយ៉ាង និងវ៉ាស៊ីនតោន។
សូមបញ្ជាក់ផងដែរថា ការធ្វើដំណើរទស្សនៈកិច្ចរបស់ក្រុមប្រឹក្សារដ្ឋចិន យ៉ាង ជាឈី ទៅកាន់អាមេរិចកើតឡើង ក្រោយពេលប្រទេសមហាអំណាចទាំងពីរមានបញ្ហាតានតឹងផ្នែកជំនួញ និងការមិនចុះសម្រុងគ្នាជុំវិញបញ្ហាជំលោះនៅសមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់៕ សុភ័ក្រ្ត