ក្នុងខែធ្នូ ឆ្នាំមុននេះ ប្រជាជនម៉ាឡេស៊ីមានការស្លុតរន្ធត់ជាខ្លាំង នៅពេលទទួលបានព័ត៌មានថា តារាម៉ូដែលស្រីនាង Ivana Smit អាយុ ១៨ ឆ្នាំ បានស្លាប់ ដោយសាកសពរបស់នាងត្រូវបានរកឃើញនៅយ៉មុខនៃជាន់ទី៦ នៃអគារកុនដូមួយកន្លែងស្ថិតក្នុង Jalan Dang Wangi កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ។
នាងត្រូវបានគេជឿថា បានធ្លាក់ពីជាន់ទី២០ បន្ទាប់ពីពិធីជួបជុំផឹកស៊ីនារាត្រីមួយ ជាមួយបុរសសញ្ជាតិអាមេរិកាំងឈ្មោះ Alexander Amado Johnson អាយុ ៤៨ ឆ្នាំ និងប្រពន្ធរបស់គាត់ជាជនជាតិឥណ្ឌូនេស៊ីឈ្មោះ Luna អាយុខ្ទង់ ៣០ ឆ្នាំ ដែលជាម្ចាស់អគារកុនដូនោះ ។
ជុំវិញករណីនេះ នោះការស្លាប់ដ៏គួរឲ្យអាណោចអាធមរបស់ Ivana បានបង្កឲ្យមានការសង្ស័យច្រើនពីគ្រួសាររបស់នាង ដែលមិនសប្បាយចិត្តនឹងចំណាត់ការរបស់អាជ្ញាធរម៉ាឡេស៊ី ក្នុងរឿងហេតុនេះ ព្រោះតែពួកគេបានចាត់ទុកហេតុការណ៍នេះជាការស្លាប់ភ្លាមៗ ។ ប៉ុន្តែ ឥឡូវនេះ ព័ត៌មានថ្មីមួយចំនួនបានលេចឡើង ។
យោងតាម Malay Mail Online នោះគ្រួសារ Ivana បានស្នើសុំជំនួយពីលោក Mark Williams-Thomas ដែលជាអ្នកស៊ើបអង្កេតឯកជនជនជាតិអង់គ្លេស ។ លោក Williams-Thomas បានចំណាយពេល១សប្តាហ៍ នៅក្នុងទីក្រុងគួឡាឡាំពួរ ដើម្បីប្រមូលការពិតទាំងឡាយ ជុំវិញករណីស្លាប់របស់ Ivana ។
លោក Williams-Thomas ក៏បានកត់សម្គាល់ផងដែរ នូវការសង្ស័យមួយចំនួន ដែលពាក់ព័ន្ធជុំវិញចំណាត់ការរបស់អាជ្ញាធរម៉ាឡេស៊ី ក្នុងការគ្រប់គ្រងករណីនេះ ។ លោកក៏បានចង្អុលបង្ហាញថា មានសញ្ញាជាច្រើនពីការលាក់បាំង និងចោទប្រកាន់ថា ម៉ាឡេស៊ីមាន «បញ្ហាពុករលួយដ៏ធំ» ។
លោកបន្តថា៖ «មានមនុស្សតិចតួចណាស់ ដែលយើងនិយាយទៅកាន់នៅទីនេះ ដែលពួកគេពុំបាននិយាយថា មានអ្វីៗដែលគួរឲ្យសង្ស័យចំពោះរឿងនេះ ។ វាពិតជាពុំមែនជាហេតុការណ៍សោកនាដកម្មឡើយ» ។
កាលពីថ្ងៃទី៧ កុម្ភៈ មេធាវីម្នាក់ឈ្មោះ Sébas Diekstra ដែលកំពុងជួយគ្រួសាររបស់តារាម៉ូឌែលនេះ ក្នុងការស៊ើបអង្កេតករណីស្លាប់របស់នាង បានបង្ហោះរូបភាពកាត់ចេញពីកាមេរ៉ាឃ្លាំមើល ទៅកាន់ Twitter ។
ខ្សែវីដេអូពីកាមេរ៉ាឃ្លាំមើល បានបង្ហាញឲ្យឃើញរូបភាព Ivana Smit កំពុងស្ថិតនៅក្នុងក្លឹបមួយ ក្នុងប្រទេសម៉ាឡេស៊ី ក្នុងរយៈពេលប៉ុន្មានម៉ោងមុនការស្លាប់របស់នាង ។ វីដេអូឃ្លីបក៏បានបង្ហាញឲ្យឃើញបុរសម្នាក់ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាលោក Johnson បានបីតារាម៉ូឌែលវ័យ ១៨ ឆ្នាំ រូបនេះ ចូលជណ្តើរយន្ត ខណៈចេញពីក្លឹបរាត្រីមួយ ។ នេះបើតាមកាសែត NL Times រាយការណ៍ឲ្យដឹង ។
គួរបញ្ជាក់ថា ខ្សែវីដេអូឃ្លីបនេះ ត្រូវបានរកឃើញដោយអ្នកស៊ើបអង្កេតឯកជនជនជាតិអង់គ្លេសខាងលើរូបនេះ ។
តើប្តីប្រពន្ធនេះអាចនឹងរួចផុតពីសំណាញ់ច្បាប់ដែរ ឬទេ ក្នុងករណីពាក់ព័ន្ធនឹងការស្លាប់របស់ Ivana ! ។
យ៉ាងណាក៏ដោយ គេសង្ឃឹមថា ទាំងអាជ្ញាធរក្នុងស្រុក និងអន្តរជាតិ នឹងធ្វើការស៊ើបអង្កេតករណីនេះយ៉ាងម៉ត់ចត់បន្ថែមទៀត ដើម្បីឈានចាប់ខ្លួនជនដៃដល់ យកមកកាត់ទោសតាមផ្លូវច្បាប់ ៕ ចន្ទី
Alexander Amado Johnson អាយុ ៤៨ ឆ្នាំ និងប្រពន្ធរបស់គាត់ក៏ជាតារាម៉ូឌែលជនជាតិឥណ្ឌូនេស៊ីឈ្មោះ Luna
លោក Mark Williams-Thomas