ភ្នំពេញ៖ សារព័ត៌មាន kohphangannews បានចុះផ្សាយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ឲ្យដឹងថា សណ្ឋាគារ Le Palals នៅកោះ Phangan ប្រទេសថៃ បានចេញសេចក្តីសុំទោសភ្លាមៗ បន្ទាប់ពីអ្នកលេងអ៊ិនធឺណិតកម្ពុជាមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការប្រើប្រាស់រចនាបថរូបសញ្ញាវប្បធម៌ខ្មែរ រួមទាំងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ តាមរយៈដូចជាការតុបតែងនៅលើអគារដែលពលរដ្ឋខ្មែរយល់ថាមិនសមរម្យ។
សណ្ឋាគារ Le Palals បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអាទិត្យថា “យើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្វើឲ្យខកចិត្តមួយនេះសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែ យើងក៏ចង់បញ្ជាក់ចក្ខុវិស័យពីចេតនា និងបេះដូងដោយក្តីស្រឡាញ់របស់ស្ថាបនិករបស់យើង”។
ក្នុងផុសបន្តថា សណ្ឋាគារ Le Palals ត្រូវបានបំផុសគំនិតឡើងដោយភាពអស្ចារ្យនៃប្រាសាទអង្គរវត្តដែលមានទីតាំងនៅប្រទេសកម្ពុជា។ ប្រទេសកម្ពុជាជាមាតុភូមិនៃស្ថាបនិករបស់យើង ហើយតែងតែមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់គាត់។ ប្រទេសថៃគឺជាផ្ទះទី២ ហើយដែលគាត់បានរកឃើញភាពសុខសាន្តក្នុងទឹកដីនៃស្នាមញញឹមមួយនេះ។
យើងបានបើកសណ្ឋាគារនេះឡើងដោយរាបទាបបំផុត សម្រាប់ការកោតសរសើរ និងចំណង់ចំណូលចិត្តខ្លាំងបំផុត ចំពោះសិល្បៈដ៏អស្ចារ្យរបស់ខ្មែរ។ សំណង់ការតុបតែងនៅទីនេះធ្វើឡើងដោយដៃប្រកដោយបេះដូងនៃក្តីស្រឡាញ់ ពីក្រុមការងារថៃនិងកម្ពុជា។ ទោះយ៉ាងណា អ្វីៗគ្រប់យ៉ាងគឺនឹងស្ថិតនៅតែជាអង្គរវត្តដ៏អស្ចារ្យដដែល ហើយមិនដែលត្រូវបានប្រៀបធៀបឡើយ។
សណ្ឋាគារ Le Palals មិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមបានទេ ប៉ុន្តែកាសែតបាងកកប៉ុស្តិ៍បានរកឃើញថាសណ្ឋាគារនេះត្រូវបានបិទដោយសារមានជំងឺរាតត្បាតរាលដាល។ សណ្ឋាគារនេះត្រូវបានដឹងថាជាកម្មសិទ្ធិរបស់ប្តីប្រពន្ធជនជាតិខ្មែរដែលមានប្តីជាជនជាតិបារាំង និងជាម្ចាស់ភាគហ៊ុនថៃផងដែរ។
លោក Vichai Khongmun ប្រធានសមាគមទេសចរណ៍កោះ Phangan បានមានប្រសាសន៍ថា សណ្ឋាគារដែលត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៤ គោរពតាមបទប្បញ្ញត្តិសាងសង់។
លោកក៏បានយល់ឃើញបែបនេះថា៖ «ម្ចាស់សណ្ឋាគារនេះអាចត្រូវបានទាក់ទាញការលើកទឹកចិត្តរបស់ពួកគេពីប្រាសាទអង្គរវត្ត។ ហេតុនេះខ្ញុំគិតថា វានឹងលើកទឹកចិត្តភ្ញៀវទេសចរ ឲ្យតម្រង់ទិសទៅទស្សនាកន្លែងពិតប្រាកដ”។
គួរបញ្ជាក់ថា ក្រោយរឿងនេះត្រូវបានផ្ទុះឡើង ថ្មីៗនេះ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំអន្តរក្រសួងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ដែលទាក់ទងនឹងសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់។
ជាលទ្ធផល កិច្ចប្រជុំបានសម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេស ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូតដោយផ្អែកជាគោលទៅលើមាត្រា ៦ស្ទួន មាត្រា១០និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងទៀតដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ។
ប្រាសាទអង្គរវត្តដែលត្រូវបានទទួលស្គាល់ដោយយូណេស្កូជាបេតិកភណ្ឌពិភពលោកចាប់តាំងពីឆ្នាំ ១៩៩២ គឺជាប្រាសាទដែលល្បីល្បាញជាងគេក្នុងចំណោមប្រាសាទទាំងអស់របស់ប្រទេសកម្ពុជា ហើយត្រូវបានដាក់បង្ហាញនៅលើទង់ជាតិ សម្រាប់សម្គាល់អត្តសញ្ញាណជាតិរបស់ខ្មែរផងដែរ។
មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ប្រាសាទអង្គរវត្ត គឺជាផ្នែកមួយនៃឧទ្យានបុរាណវិទ្យាអង្គរ ដែលជាប្រាសាទដែលមានទំហំធំ និងស្មុគស្មាញជាងគេ ត្រូវបានសាងសង់រវាងសតវត្សរ៍ទី៩ និងទី១៥៕ ដោយ៖ លឹម ហុង