ព្រះវិហារ ៖ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្គមថ្មីខេត្តព្រះវិហារបានជម្រុញមន្ត្រីគណបក្សគ្រប់ថ្នាក់បន្តពង្រឹងការងារគណបក្សជាមួយសមាជិកគណបក្សដោយចុះប្រជុំនិងចុះជួបដោះស្រាយបញ្ហាឬសំណូមនានារបស់សមាជិក ក៏ដូចជាពលរដ្ឋតាមសហគមន៍មូលដ្ឋានជាប្រចាំ ហើយមិនត្រូវធ្វេសប្រហែសឡើយ។
លោក ផាន់ សាមន្ថា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា-អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តព្រះវិហារនិងក៏ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មីមានប្រសាសន័បែបនេះទៅកាន់មន្ត្រីនិងសមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកសង្គមថ្មីជាង២០០ នាក់កាលពីថ្ងៃទី៩កុម្ភ:ឆ្នាំ២០១៨ ក្នុងឱកាសធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាំងទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា។
លោក សំ ហេង ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មីបានស្វាគមន៍និងលើកឡើងពីសភាពការណ៍ទូទៅនិងសកម្មភាពការងារគណបក្សនៅស្រុកនិងនៅឃុំទាំង៥របស់ស្រុកសង្គមថ្មីនារយ:ពេលចុងក្រោយនេះ ថានៅតែត្រូវបានពង្រឹងជាប្រចាំដែរ។
ចំណែកលោក វ៉ា សេដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មីបានអានសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៃគណបក្សប្រជាជនកម្ពុជាដែលបានដំណើរការកាលពីថ្ងៃទី១៩-២១មករាឆ្នាំ២០១៨ កន្លងមក ដែលមាន៧ចំនុចសំខាន់ៗនិងគោលនយោបាយសំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានិតិកាលទី៤ នាថ្ងៃទី២៤កុម្ភ:ដ៏ខ្លីខាងមុខ។
ដើម្បីអោយជ្រួតជ្រាបនិងដូចជាពញ្ញាក់ស្មារតីបន្ថែមលើខ្លឹមសារទាំងនោះ លោក ផាន់ សាមន្ថា បានរំលឹកនិងជម្រូញអោយមន្ត្រីគណបក្សក្នុងក្រុមការងារចុះជួយនិងក្នុងមូលដ្ឋាននិមួយៗបន្តចុះផ្សព្វផ្សាយបន្ថែមដល់គ្រប់គោលដៅផងនិងចុះដោះស្រាយសេចក្តីត្រូវការនិងសំណូមពរក៏ដូចជាប្រាស្រ័យសួរសុខទុក្ខ ចិញ្ចឹមចលនាទស្សន:នយោបាយគណបក្សជាមួយសមាជិកនិងពលរដ្ឋរស់រវើកជាប្រចាំផង ប្រយោជន៍ដើម្បីអោយពួកគាត់បន្តជឿជាក់និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់។
ក្នុងនោះ លោកបានរំលឹកពីប្រវត្តិខ្លីនិងអត្ថន័យសំខាន់នៃមហាសន្និបាតសាមញ្ញនិងមហាសន្និបាតវិសាមញ្ញនិងសេចក្តីសម្រេចិត្តរបស់អង្គការចាត់តាំងនយោបាយកំពូលនេះក្នុងការដាក់ចេញនូវគោលនយោបាយអោយរាជរដ្ឋាភិបាលអនុវត្តលើកការអភិវឌ្ឍន៍និងការពារជាតិមាតុភូមិនិងប្រជាជនកម្ពុជាអោយរីកចម្រើននិងរឹងមាំបន្ត។
លោកផាន់ សាមន្ថា បានឆ្លៀតលើកឡើងពីតួនាទី ភារកិច្ចបន្ទាន់ បន្តបន្ទាប់ចំពោះមុខនិងទៅខាងមុខរបស់មន្ត្រីក្រុមការងារគណបក្សចុះជួយគ្រប់ថ្នាក់ មន្ត្រីគណបក្សមូលដ្ឋាននិងសមាជិកគណបក្សថាត្រូវតែអនុវត្តអោយបានសម្រេចជោគជ័យក្នុងប្រៀបឈ្នះរបស់ខ្លួនផងដែរ។
ក្នុងនោះគណបក្សស្រុកនិងគណបក្សឃុំទាំង៥គឺឃុំចំរើន ឃុំរណសិរ្ស ឃុំស្តៅ ឃុំរអាងនិងឃុំត្បែង១ ទោះជាភូមិសាស្ត្រនៅដាច់ឆ្លាយៗក័ត្រូវធ្វើអោយសកម្មផុលផុស ហើយមិនត្រូវមើលស្រាលសភាពការណ៍ឬធ្វេសប្រហែសឡើយបើទោះបីជាគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងត្រូវបានរំលាយព្រោះតែមានបទល្មើសក្បត់ជាតិនោះក៏ដោយ។
ជាងនេះទៅទៀត លោកផាន់ សាមន្ថា បានពន្លេចអភិក្រមសំខាន់១ក្នុងចំណោម៤ របស់សម្តេចតេជោហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជានិងជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនោះគឺចំណុចវះកាត់ ដែលត្រូវវះកាត់ចេញនូវមន្ត្រីឬបុគ្គលគណបក្សឬជាមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចកងកម្លាំងណាមួយដែលធ្វើអោយបាត់បងផលប្រយោជន៍ប្រជាពលរដ្ឋ , ធ្វើអោយបាត់បង់ប្រជាប្រិយភាពរាជរដ្ឋាភិបាលនិងប្រជាប្រិតភាពគណបក្សប្រជាជនកម្ពុជានោះ។ ដូច្នេះមន្ត្រីត្រូវតែបន្តធ្វើល្អនិងបម្រើពលរដ្ឋអោយទន់ភ្លន់ រហ័សបំផុត៕ ដោយ ៖ បន្ទាយ