ស្រុកស្ទឹងហាវ ៖សមត្ថកិច្ចរដ្ឋបាលស្រុកស្ទឹងហាវឲ្យដឹងថា ចាប់តាំងពីមុនថ្ងៃត្រង់ថ្ងៃទី៨ខែតុលាឆ្នាំ២០២០ នៅផ្លូវសម្តេចសង្ឃទេពវង្ស ចំណុចច្រកចូលទៅទីតាំងដីសង្គមកិច្ច ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋច្រើននាក់ នាំគ្នាបិទផ្លូវ(ផ្លូវសម្តេចសង្ឃទេពវង្ស) ដោយដាក់ដុំថ្មនិងមែកឈើ បណ្តាលឲ្យចរាចរណ៍តាមផ្លូវនោះស្ទះ យានយន្តមិនអាចបើកបរឆ្លងកាត់បានឡើយ ដើម្បីតវ៉ាជំទាស់ទៅនឹងវិធានការរបស់រដ្ឋបាលស្រុក ដែលចុះរុះរើសំណង់លើដីតំបន់នោះ។
ករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក៏កំពុងសម្របសម្រួលដោះស្រាយ ដើម្បីបើកផ្លូវឡើងវិញ និងបន្តដោះស្រាយតាមនិតិវិធី។
រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មាន ឱ្យបានជ្រាបថា៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានចលនានៃការចូលមក បោះរបងចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យនៅទីតាំង ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការទប់ស្កាត់ ដោយបានធ្វើ ការរុះរើខ្ទម និងបង្គោលរបងទាំងនោះចេញវិញ ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ក្រុមប្រជាពលរដ្ឋ ដែលមានការដឹកនាំបញ្ជាពីមេខ្យល់ បានចេញមកធ្វើការតវ៉ា និងរារាំងការអនុវត្តការងាររបស់អាជ្ញាធរស្រុក ដែលជា មន្ត្រីរាជការសាធារណៈ ព្រមទាំងបាននាំគ្នាបិទផ្លូវ (វិថីសម្តេចសង្ឃរាជទេពវង្ស ) ធ្វើឱ្យកក់ស្ទះមិនអាចធ្វើចរាចរណ៍ បាន ដែលទង្វើនេះគឺជាការបំពានលើផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែល ចាញ់បោកមេខ្យល់ ចូលមកចាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងចូលរួមក្នុងការប្រឆាំងតវ៉ា បិទផ្លូវសាធារណៈ សូម បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីបងប្អូននៅតែបន្តធ្វើសកម្មភាព ដែលប្រាសចាកពីផ្លូវច្បាប់បន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះឡើយ។
សូមជម្រាបជូនផងដែរថា កន្លងមកមានករណីក្រុមមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលមកបោះរបង ចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យនៅក្នុងទីតាំងខាងលើ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើ ការអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋទាំងនោះចាកចេញពីទីតាំងដីរបស់រដ្ឋ និងបានធ្វើការរុះរើ ខ្ទម និងបង្គោលរបងទាំងនោះចេញចំនួន៤លើករួចមកហើយ៕ ដោយ៖បញ្ញាស័ក្តិ