ខេត្តស្វាយរៀង ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង លោក ងួន លីហួន បានបើកប្រតិបត្តិការបញ្ជាឲ្យមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធស្ទាក់ចាប់រថយន្តដឹកលើសទម្ងន់ និងតទ្រុងខុសបច្ចេកទេស ចាប់តាំងពីវេលាម៉ោង០០ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយឃាត់រថយន្តតទ្រុងខុសបច្ចេកទេសចំនួនជាង១០គ្រឿង និងបានកាត់ចោលនៅកន្លែងចាប់នោះតែម្តង។
លោក ងួន លីហួន បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃនេះថា ក្រុមការងារត្រួតពិនិត្យរថយន្តខុសបច្ចេកទេស មានការចូលរួមពីមន្ត្រីមន្ទីរសាធារណការខេត្ត សមត្ថកិច្ចពាក់ពន្ធ័ បានអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង០០នាទី មកដល់ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ យើងបានឃាត់រថយន្តខុសបច្ចេកទេសចំនួនជាង១០គ្រឿង និងបានកាត់ចោលនៅនឹងកន្លែងតែម្តង ដោយដាក់នៅតាមគោលដៅចំនួន១ ក្នុងស្ថិតនៅលើដងផ្លូវជាតិលេខ១ក្នុងភូមិចំបក់សង្កាត់ចេកក្រុងស្វាយរៀងរបស់ខេត្តស្វាយរៀង។
តាមប្រសាសន៍របស់លោកងួន លីហួនប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានឱ្យដឹងថាៈ សម្រាប់ការងារនេះនឹងបន្តធ្វើដូចភ្លៀងរលឹម ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំផ្លាញផ្លូវ តាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០យប់នេះ តទៅនឹងមិនអនុញ្ញាតឲ្យ រថយន្តតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តន៍ការងារនេះមិនបានចេញពីតំណែងផងដែរ បើសិនជាករណីរថយន្តតទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើកប្រើវិធានការចាប់រថយន្តតទ្រុងខុសបច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា ឲ្យទៅតវ៉ានៅមុខផ្ទះសម្តេច សម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបានបញ្ជាឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសយករថយន្តទៅកាត់ទ្រុង ហើយបើកាត់មិនទាន់ មិនត្រូវយកឡើងលើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុងខុសបច្ចេកទេសនេះ ភាគច្រើនជារថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកខ្សាច់ ដឹកថ្ម និងដឹកកុងតឺន័រ ជាដើម៕ វ៉ៃកូ