ភ្នំពេញ៖ នគរបាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនបុរសម្នាក់ ដែលរំលោភបងថ្លៃជីដូនមួយខ្លួនឯង បានសម្រេចជាច្រើនដង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នគរបាលប៉ុស្តិ៍ក្បាលកោះ បានឲ្យដឹងថា ករណីប្អូនថ្លៃជីដូនមួយរំលោភបងថ្លៃ បានឡើងកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ស.ឌ អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅបន្ទប់ជួលកើតហេតុ។ រីឯជនសង្ស័យឈ្មោះ សួស ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។ កាលពីថ្ងៃកើតហេតុ ជនរងគ្រោះនិងក្មួយប្រុស អាយុ៦ឆ្នាំ កំពុងនៅក្នុងបន្ទប់ជួល ពេលនោះជនសង្ស័យ ត្រូវជាប្អូនថ្លៃជីដូនមួយបានមកលេង ដោយពុំឃើញប្តីជនរងគ្រោះ ជនសង្ស័យក៏នាំក្មួយប្រុសទៅផ្ទះ។ បន្ទាប់មក ជនសង្ស័យក៏ត្រឡប់មកបន្ទប់ជួលជនរងគ្រោះវិញ រួចចាប់ខ្ទប់មាត់ជនរងគ្រោះ គំរាមថា បើហ៊ានស្រែកប្រយ័ត្នមានរឿង រួចក៏ចាប់រំលោភ ជនរងគ្រោះបានសម្រេចម្តង ហើយជនសង្ស័យក៏ទៅកន្លែងធ្វើការវិញ។ លុះដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានប្រាប់ប្តីពីរឿងហេតុខាងលើទាំងអស់ រួចក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ ចាត់ការតាមច្បាប់។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា កន្លងមកកាលពីថ្ងៃទី៣ ខែ២ ឆ្នាំ២០១៨កន្លងទៅ វេលាម៉ោង១៤ ជនសង្ស័យ ធ្លាប់បានចាប់រំលោភនាងបានសម្រេចម្តងនៅចំណុចកើតហេតុខាងលើ ៕ ដោយ៖បញ្ញាស័ក្តិ