ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន (Moon Jae-in) នៅថ្ងៃសៅរិ៍នេះ បានជួបពិភាក្សាគ្នា ជាមួយនឹង ប្អូនស្រីបង្កើតរបស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំនឹងប្រែក្លាយស្ថានភាព តានតឹងទៅការរីកច្រើនឆ្ពោះទៅកាន់ការដោះស្រាយ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។
លោកម៉ូន បានរៀបចំកិច្ចប្រជុំ និងពិសារអាហារថ្ងៃត្រង់ជាមួយនឹង គីម យូជុង (Kim Yo-ong) ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅវិមានខៀវប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល។
គីម យូជុង ដែលជាអ្នកកាន់កាប់កិច្ចការនយោបារបស់កូរ៉េខាងជើង បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីចូលរួមការបើកការប្រកួតកីឡាអូឡាំពិចរដូវរងា នៅទីក្រុង Pyeongchang។ នេះគឺជាការជួបគ្នាផ្ទាល់លើដំបូងជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង។
ពួកគេបានចាប់ដៃគ្នា និងអប់អរចំពោះអត្តពលិកមកពីប្រទេសទាំងពីរ ដែលបានធ្វើការហែរក្បួនក្រោមទង់ជាតិតំណាងតែមួយ ជាលើកដំបូង នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
អ្នកជំនាញមួយចំនួនជឿជាក់ថា ទណ្ឌកម្មដ៏ខ្លាំងក្លារបស់អង្គការសហប្រជាជាតិ ដែលកាត់ផ្តាច់ប្រភពចំណូលដ៏សំខាន់របស់កូរ៉េខាងជើង នឹងរឹតតែជួយដាក់សម្ពាធលើព្យុងយ៉ាង ដើម្បីឲ្យរបបនេះចរចារជាមួយនឹងកូរ៉េខាងត្បូងថែមទៀត៕ សុភ័ក្ត្រ