ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ យុទ្ធនាការថ្ងៃដំបូងនេះ គណបក្សនយោបាយចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ ដែលបានចូលរួមបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភាព កំពុងតែចាប់ផ្ដើមយុទ្ធនាការឃោសនាហើយ ជាមួយនឹងសកម្មជនរបស់ពួកគេនៅតាមកន្លែងផ្សេងៗគ្នា។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៤បានចាប់ដំណើរការហើយនៅថ្ងៃទី១០កុម្ភៈ ឆ្នាំ២០១៨ ពោលគឺបានធ្វើទៅតាមកាលបរិច្ឆេទដែលបានកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
សម្រាប់រាជធានីភ្នំពេញបានចាប់ផ្តើមបើកយុទ្ធនាការឃោសនាគ្រប់ខណ្ឌទាំង១២ដោយប្រមូលផ្តុំសមាជិកសមាជិការអង្គបោះឆ្នោតតាមទីតាំងដែលបានកំណត់ដោយប្រមូលផ្តុំ២ខណ្ឌសម្រាប់១គោលដៅ។ប៉ុន្តែមិនមានការហែរក្បួនឃោសនាតាមដងផ្លូវសាធារណៈនោះទេ។
ដោយឡែកនៅខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ បានរៀបចំពិធីឃោសនាដោយមានការចូលរួមពីលោកម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានការងារជួយខណ្ឌសែនសុខ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅរួមជាមួយក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានី.ខណ្ឌ.សង្កាត់ បេក្ខជនសមាជិកព្រឹទ្ធសភា សមាជិកគណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ។
នេះជាការការជួបជុំសមាជិក សមាជិកាអង្គបោះឆ្នោតមានក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង តំណាងរាស្ត្រក្នុងតំណែងដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រដែលឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣កុម្ភៈ ថ្ងៃទី២៤កុម្ភៈជាថ្ងៃ(ស) ហើយថ្ងៃទី២៥កុម្ភៈជាថ្ងៃបោះឆ្នោត។
បើតាមការបែងចែករបស់គ.ជ.ប មាន៨ភូមិភាគ រាជធានី.ខេត្តក្នុងនោះរាជធានីភ្នំពេញស្ថិតក្នុងភូមិភាគទី១ មានចំនួន៦អាសនៈ បេក្ខជនឈរឈ្មោះបោះឆ្នោតពេញសិទ្ធិ៦រូប បំរុង៦រូប។ សម្រាប់លេខរៀងគណបក្សនយោបាយដែលបោះពុម្ពនៅលើសន្លឹកឆ្នោតដែលចូលរួមបោះឆ្នោតអសាកលនេះមាន៤គណបក្សគឺ៖លេខរៀងទី១គណបក្សប្រជាជនកម្ពុជា លេខរៀងទី២គណបក្សយុវជនកម្ពុជា លេខរៀងទី៣គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី៤។ ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភាទីតិកាលទី៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៨ដែលមានការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសចំនួន៣៣ការិយាល័យ។ចំណែកអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងចំនួន១១.៦៩៥នាក់។តំណាងរាស្ត្រក្នុងតំណែងចំនួន១២៣រូប។
ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក អ៊ិត សំហេង ប្រធានក្រុមការងារចុះជួយខណ្ឌចំការមន បានបង្ហាញមូលហេតុសំខាន់ៗចំនួន ៦ចំណុច ដែលធានាឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ៕ ដោយ៖កូឡាប