ខេត្តព្រះសីហនុ៖ ស្ថាបនិក ឬម្ចាស់ «កោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង» ខេត្តព្រះសីហនុ ប្រកាស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាឱកាសទិវា នៃក្តីស្រលាញ់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ។
លោកឧកញ៉ា ទៀ វិចិត្រ ស្ថាបនិកអភិវឌ្ឍ «កោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង» ផ្តល់សម្ភាសដល់អ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុថា ក្នុងនាមកូនខ្មែរមួយរូប លោកបានសហការបង្កើតឆ្នេរកម្សាន្តបែបថ្មី មានលក្ខណៈស្តង់ដារអន្តរជាតិ ដោយនៅជុំវិញឆ្នេរកម្សាន្តមួយនេះ គឺមានអនាម័យ មានសន្តិសុខ និងសោភ័ណ្ឌភាពល្អ តាមបែបធម្មជាតិពិតៗ ពិសេសតម្លៃសេវាផ្សេងៗ នៅលើកោះឋានសួគ៌ គឺមានតម្លៃសមរម្យ។
លោកឧកញ៉ា ទៀ វិចត្រ ប្រកាសស្វាគមន៍ ភ្ញៀវទេសចរមកពីគ្រប់ទិសទី ពិសេសភ្ញៀវជាតិ ដែលចង់បានទីតាំងសម្រាប់សំរាកលំហែកាយ នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សំរាក នៃពិធីបុណ្យផ្សេងៗ ហើយមានលក្ខណៈស្តង់ដារអន្តរជាតិ និងមានសោភ័ណ្ឌភាពធម្មជាតិពិតៗ សូមអញ្ជើញចូលមកទស្សនា«កោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង» ពិតជាមិនខកបំណងនោះទេ។
លោកថា ដើម្បីស្វាគមន៍ថ្ងៃពិសេស គឺ ទិវានៃក្តីស្រលាញ់ ឬហៅថា Varlentine’s Day ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ រូបលោកនឹងបើកសម្ភោធ «ម៉ាហ្វីយ៉ា រីហ្សត Mafiya’s Resort Cambodia» មានទីតាំងនៅលើកោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង ដើម្បីទទួលសូមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចាប់អារម្មណ៍ ឬត្រូវការកន្លែងកម្សាន្តតាមបែបធម្មជាតិ និងមានលក្ខណៈតាមបែបឯកជនពិតៗ។
ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ បានស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាផ្ទាល់ភ្នែក នឹងបានឃើញទិដ្ឋភាពពិតៗ ដែលមាននៅលើ «កោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង» ហើយពេលនោះ បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិ នឹងមានការភ្ញាក់ផ្អើល ហើយទទួលបានភាពសប្បាយរីករាយជាក់ជាមិនខាន។
លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ប្រចាំខេត្តព្រះសីហនុ និងប្រធានក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីដប៊ូត កម្ពុជា (G. T. V. C, Speed Boat Cambodia)ផងនោះ ក៏បានប្តេជ្ញាថា នឹងជម្រុញដល់ម្ចាស់ក្រុមហ៊ុនជលយាន ដឹកជញ្ជូនភ្ញៀវទេសចរតាមសមុទ្រទាំងអស់ នាមូលដ្ឋាននេះ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីការការពារសុវត្ថិភាពដឹកភ្ញៀវទៅកម្សាន្តតាមកោះ ឲ្យបានជាប្រចាំថ្ងៃ។ ជាងនេះទៀត ក៏នឹងជម្រុញឲ្យគ្រប់មធ្យោបាយដឹកជញ្ជូនតាមសមុទ្រទាំងអស់ ត្រូវបំពាក់សម្ភារៈសង្គ្រោះ រួមមាន៖ អាវពោងការពារ និងសម្ភារៈសង្គ្រោះផ្សេងៗទៀត ឲ្យបានគ្រប់ចំនួន នៅតាមទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរនីមួយៗ ដើម្បីបង្ការការពារសុវត្ថិភាពភ្ញៀវ។
តាមរយៈអ្នកយកព័ត៌មានគេហទំព័រ CEN.COM.KH ប្រចាំខេត្តព្រះសីហនុ លោកឧកញ៉ា ទៀ វិចិត្រ ដែលទើបប្រកាសតួនាទីជាប្រធានសមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ប្រចាំខេត្តព្រះសីហនុ បានសន្យាថា នឹងខិតខំបំផុសចលនាឲ្យប្រតិបត្តិករទេសចរជាសមាជិកសមាជិការ របស់សមាគមទាំងអស់ ឲ្យបង្កើនសកម្មភាពការងារថែរក្សាអនាម័យបរិស្ថានឆ្នេរសមុទ្រ និងជួយអភិរក្សការពារធនធានធម្មជាតិ ជីវៈចម្រុះបាតសមុទ្រនាខេត្តព្រះសីហនុ ឲ្យបានជាប្រចាំនាថ្ងៃអនាគត។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលទៅទស្សនាកោះស្រុកខ្មែរ និងជាស្នាដៃកូនខ្មែរ ដែលទើបអភិវឌ្ឍថ្មីៗ មានទីតាំងនៅលើ «កោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង» ខេត្តព្រះសីហនុ ឲ្យបានច្រើន ហើយទន្ទឹមគ្នានេះ ម៉ាហ្វីយ៉ា រីស្សត (Mafiya’s Resort Cambodia) នឹងរង់ចាំបំរើសេវាទទួលស្វាគមន៍បងប្អូនគ្រប់ពេលវេលា។
ទាក់ទិនបញ្ហានេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្វាគមន៍ដល់ប្រតិបត្តិករទេសចរនានា ដែលបានបង្កើតឲ្យមានទីតាំងកម្សាន្តថ្មីៗ មានសេវាបំរើល្អ មានតម្លៃសមរម្យ ហើយមានអនាម័យ និងសោភ័ណ្ឌភាព សម្រាប់ផ្តល់ជាជម្រើស ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូលទៅសំរាកលំហែនាមូលដ្ឋានខេត្តព្រះសីហនុ។
ទន្ទឹមគ្នានេះ លោកក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរ អាជីវករ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ត្រូវចូលរួមសហការគ្នាថែរក្សាអនាម័យបរិស្ថានឆ្នេរសមុទ្រខេត្តនេះ ឲ្យមានសោភ័ណ្ឌភាពល្អ និងឲ្យមានអនាម័យជាប្រចាំ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះ ឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត។
ឯកឧត្តម ថោង ខុន បានក្រើនរំលឹកដូច្នេះនៅក្នុងពិធីប្រកាសទទួលស្គាល់ លោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នាសាលប្រជុំសាលាខេត្តព្រះសីហនុ។
នាឱកាសនោះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្ត លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប់ឆ្នោតជាប្រធានសមាគមទីភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តនេះ ស្នើឲ្យបំពេញតួនាទីថ្មីនេះ ឈានទៅរួមចំណែកជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តនេះ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើននាថ្ងៃខាងមុខទៀត។
បន្ថែមលើនេះ ឯកឧត្តម យន្ត មីន ក៏បានអំពាវនាវដល់ប្រតិបត្តិករ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ នៃរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសប្រតិបត្តិករទេសចរ ដែលជាម្ចាស់ជលយាន ដែលប្រកបអាជីវករដឹកជញ្ជូនភ្ញៀវតាមសមុទ្រនាខេត្តព្រះសីហនុ ត្រូវរួមគ្នាការពារថែរក្សាអនាម័យបរិស្ថានឆ្នេរ និងធនធានធម្មជាតិ ជីវៈចម្រុះ ដែលមានទាំងនៅលើកោះ និងក្នុងបាតសមុទ្រ ឬនៅតាមទីតាំងកម្សាន្តនីមួយៗ ឲ្យមានអនាម័យ និងសោភ័ណ្ឌភាពល្អជាប្រចាំ ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរនាថ្ងៃអនាគត។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានឲ្យដឹងថា ឆ្នាំ២០១៧កន្លងទៅ ខេត្តនេះ ទទួលបានភ្ញៀវទេសចរសរុបជិត ២លាននាក់(១,៩៩៥,២០៤)។ ភ្ញៀវជាតិមានចំនួនជាង ១លាន ៥សែននាក់ (១,៥២៥,២៨៦) និងអន្តរជាតិជិត ៥សែននាក់ (៤៦៩,៩១៨)។ ក្នុងនោះភ្ញៀវទេសចរណ៍ចេញទៅកម្សាន្តតាមកោះតាមរយៈទូកទេសចរណ៍សរុបមានចំនួនជិត ១ពាន់ជើង (៩៨២៣) និងមានចំនួនភ្ញៀវជាតិ-អន្តរជាតិសរុបជិត ៥សែននាក់ (៤០៩,៤៦០)។
លោក តាំង សុចិត្រគ្រឹះស្នា ទទួលស្គាល់ថា ការងាររួមគ្នាថែរក្សាអនាម័យបរិស្ថានឆ្នេរសមុទ្រ ឲ្យមានសោភ័ណ្ឌភាពជាប្រចាំ គឺពិតជាអាចរួមចំណែកជួយទាក់ទាញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុ កើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំពិតមែន។
ជាងនេះទៀត គួបផ្សំប្រតិបត្តិករទេសចរ មួយចំនួន បានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរទេសចរណ៍ខេត្ត ដោយបានចូលរួមបង្កើតឲ្យមានទីតាំងកម្សាន្តនៅតាមឆ្នេរសមុទ្រ នៅតាមកោះនានា មាន «កោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង»ជាដើម ប្រកបដោយសោភ័ណ្ឌភាពច្រើនទីតាំង និងកំណត់ណត់តម្លៃសេវាមានតម្លៃសមរម្យ និងផ្តល់សន្តិសុខសុវត្ថិភាពល្អជូនភ្ញៀវ គឺពិតជាអាចជម្រុញឲ្យខេត្តព្រះសីហនុទទួលបានការចាប់អារម្មណ៍ច្រើនថែមទៀត ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិនាថ្ងៃអនាគត៕ ដែន សីមា