ភ្នំពេញ៖ ក្រុមការងារព័ត៌មានរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជ្រាបជាព័ត៌មានថា មានការចុះផ្សាយព័ត៌មាន តាមរយៈគេហទំព័រអ្នកសារព័ត៌មាន បានចុះផ្សាយកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ដែលមានខ្លឹមសារថា “តើពិតឫទេ លោក គីម ពៅហុង មានតួនាទីជាអធិការរងទទួលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៅពីក្រោយខ្នងសង្វៀនជល់មាន់ មានចំនួន៣កន្លែង ទីតាំទី១ នៅក្នុងចំការស្វាយចន្ទីរខាងក្រោយផ្ទះសំណាក់ភ្នំមាស, ទីតាំងទី២ នៅម្តុំគុម្ពឫស្សីខាងក្រោយរោងចក្រវ៉ាឡុង និងទីតាំងទី៣ នៅខាងជើងភ្នំជើងព្រៃ និងមានភាគហ៊ុនឆ្នោតយួន ឆ្នោតឡូតូអនឡាញ” ។
សូមបញ្ជាក់ជូនថា ពាក់ព័ន្ធ នឹងករណីចុះផ្សាយខាងលើនេះ គឺជាព័ត៌មានមិនពិត នឹងបានចុះផ្សាយបំភ្លៃការពិតម្ដងរួចមកហើយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ហើយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការនីតិវិធីច្បាប់ ចំពោះបុគ្គលដែលបានបង្ហោះព័ត៌មានមិនពិត ក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមសូមជម្រាបជូនសាធារណមតិមេត្តាជ្រាបថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយជំនាញរបស់អធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ សុគន្ធ អធិការនគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវស៊ើបអង្កេត ដល់ទីតាំងខាងលើ តាមការចុះផ្សាយពត៌មាន ទទួលបានលទ្ធផល ដូចខាងក្រោម ៖
១-តាមការបំភ្លឺរបស់សាក្សីជាប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានផ្ទាល់ ក្នុងភូមិប៉ាណា ភូមិឈើទាល និងភូមិឈូក បានបញ្ជាក់ឲ្យដឹងថា កន្លងមករយៈពេលប្រហែលមួយឆ្នាំមុន មានការឆ្មក់លួចលេងល្បែងជល់មាន់ មួយគូរ ពីរគូរ ម្តងម្កាល តាមព្រៃចំការ ហើយសមាសភាពដែលមកលេង ភាគច្រើនជាអ្នកមកពីចម្ងាយ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបជាច្រើនលើក រហូតដល់បច្ចុប្បន្ននេះ ពុំមានសកម្មភាព លួចលេងល្បែងជល់មាន់នេះបន្តទៀតទេ គឺដោយសារតែសមត្ថកិច្ចមូលដ្ឋាន តែងតែល្បាត ក្នុងភូមិសាស្ត្រខាងលើនេះ ស្ទើររាល់ថ្ងៃ ។
២-តាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកជើងព្រៃ, របាយការណ៍របស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ដៅជុំ ប៉ុស្តិ៍សូទិព្វ ប៉ុស្តិ៍គោករវៀង , របាយការណ៍របស់លោកមេភូមិឈើទាល ភូមិប៉ាណា ភូមិឈូក និងលោកមេឃុំផ្ដៅជុំ ឃុំសូទិព្វ និងឃុំគោករវៀង បានបញ្ជាក់ឲ្យដឹងថា កន្លងមកនៅចំណុចក្នុងព្រៃចំការ មានការលួចលេងជល់មាន់ដាក់ភ្នាល់ដាក់ប្រាក់ មួយគូរពីរគូរម្តងម្កាល ដោយណាត់គ្នាជល់តាមព្រៃចំការ ពុំមានទ្រង់ទ្រាយជាសង្វៀននោះទេ ហើយសមាសភាពដែលមកលួចលេង គឺជាអ្នកមកពីចម្ងាយ ហើយក៏ត្រូវបានសមត្ថកិច្ចយើងចុះបង្ក្រាបជាច្រើនលើកមកហើយ ។
រហូតដល់បច្ចុប្បន្ននេះ ពុំមានសកម្មភាព លួចលេងល្បែងជល់មាន់ នៅចំណុចខាងលើបន្តទៀតនោះទេ ព្រោះសមត្ថកិច្ចមូលដ្ឋានតែងតែល្បាត ក្នុងភូមិសាស្ត្រខាងលើនេះស្ទើររាល់ថ្ងៃ ។
ចំពោះការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានថា ឈ្មោះ គីម ពៅហុង ជាអធិការងទទួលផ្នែកព្រហ្មទណ្ឌ នៅពីក្រោយខ្នងសង្វៀនជល់មាន់ចំនួន៣កន្លែង គឺនៅក្នុងអធិការដ្ឋាននគរបាលស្រុកជើព្រៃ ពុំមានឈ្មោះ គីម ពៅហុង នោះទេ ជាការចុះផ្សាយព័ត៌មានបំភ្លៃការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្ដិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ទាំងមូលផងដែរ ៕ ដោយ៖បញ្ញាស័ក្តិ