ភ្នំពេញ៖មន្ត្រីចំនួន៣នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាលើបុរសម្នាក់ជាអ្នកបេីកម៉ូតូកង់៣ វាយហេីមមុខ និងដាក់ខ្នោះ ដែលមកធ្វើសកម្មភាពដោះដូរគ្រឿងញៀន ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានមន្ទីរប្រឆាំងគ្រៀងញៀន សម្រេចបញ្ជូនខ្លួនទៅអនុវត្តវិន័យនៅអង្គភាពតម្រួតបទបញ្ជា តាមវិន័យកងកម្លាំងនគរបាលជាតិ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបញ្ជាក់ជូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៨និង៤០នាទី មានករណីដែលក្រុមសុីវិលមួយក្រុមមានគ្នាប្រហែលជា ១០នាក់ បានចាប់បុរសម្នាក់ជាអ្នកបេីកម៉ូតូកង់៣ វាយហេីមមុខ និងដាក់ខ្នោះ ដែលកេីតឡេីងនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មិនមែនជាសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ។ ពេលនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស និងសមត្ថកិច្ចជំនាញកំពុងតែបន្តស្រាវជ្រាវរកមុខជនបង្កទាំងនោះ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ធាននគរបាលជាតិ សូមបំភ្លឺជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីយប់ថ្ងៃទី២ ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១៩និង00នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំនុចផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អំឡុងពេលប្រតិបត្តិការជំនាញ មានជនសង្ស័យ ១នាក់ បានជិះម៉ូតូកង់បីឥណ្ឌាបានមកធ្វើសកម្មភាពដោះដូរគ្រឿងញៀននៅចំនុចកើតហេតុខាងលើ ខណៈពេលមេឃកំពុងភ្លៀងផង កម្លាំងជំនាញបានចូលទៅឃាត់ខ្លួន ប៉ុន្តែមុខសញ្ញាបានរត់គេច ហើយសមត្ថកិច្ចជំនាញក៏បានសួរនាំអ្នករត់ម៉ូតូកង់បីឥណ្ឌារូបនោះ បែជាគាត់មិនសហការ និងបានស្រែកឡាំប៉ាមកលើសមត្ថកិច្ចថា ជាចោរទៅវិញ និងឈានដល់ការប្រតាយប្រតប់គ្នាបង្កឲ្យមានរបួសបន្តិចបន្តួចទាំងខាងសមត្ថកិច្ច និងម្ចាស់ម៉ូតូកង់បីឥណ្ឌារូបនោះ។
បន្ទាប់មក សមត្ថកិច្ចបានអញ្ជើញបុរសនោះ មកសាកសួរតាមជំនាញ និងបានប្រគល់សម្ភារទាំងអស់ជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យគាត់ត្រឡប់ទៅលំនៅដ្ធានវិញផងដែរ។
ចំពោះមន្ត្រីចំនួន៣នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាខាងលើ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានមន្ទីរប្រឆាំងគ្រៀងញៀន សម្រេចបញ្ជូនខ្លួនទៅអនុវត្តវិន័យនៅអង្គភាពតម្រួតបទបញ្ជា តាមវិន័យកងកម្លាំងនគរបាលជាតិ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្តាញទំនាក់ទនងសង្គម ដែលបានចូលរួមចំណែករក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរីករាយទទួលយកការរិះគន់ក្នុងន័យស្ថាបនា ៕
ដោយ៖បញ្ញាស័ក្តិ