កំពង់ឆ្នាំង ៖ ការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ សម្រាប់ការឃោសនាបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ បានចេញសេចក្តីប្រកាស អំពីការហាមឃាត់ មិនឱ្យហែក្បួនឃោសនា នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតាមដងវិថី និងទីប្រជុំជនមួយចំនួន ដើម្បីបញ្ចៀសការកកស្ទះ។
នៅខេត្តកំពង់ឆ្នាំងគេសង្កេតឃើញវត្តមានលោកជំទាវជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងបានចុះធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ ។
នៅក្នុងយុទ្ធនាការនេះលោកជំទាវជូ ប៊ុនអេង បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជានិងបង្ហាញអោយឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និង ការអភិវឌ្ឍន៍។
លោកជំទាវជូ ប៊ុនអេងបានមានប្រសាសន៍បន្តទៀតថា ការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៤គឺជាដំណាក់កាលដ៏សំខាន់ ដែលគណបក្សប្រជាជនត្រូវផ្សព្វផ្សាយពីគោលនយោបាយដើម្បីទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាឃុំនិងពីប្រជាពលរដ្ឋ នូវគោលនយោបាយរបស់គណបក្ស ដែលជាយុទ្ធសាស្ត្រដ៏សំខាន់អោយសមាជិកសមាជិកា បានយល់ច្បាស់ពីកាតព្វកិច្ចរបស់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីបន្តរក្សាបាននូវសន្តិភាព សន្តិសុខ លើកកំពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្សនិង ការអភិវឌ្ឍអោយប្រទេសជាតិ ទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕ ដោយ៖ចៅ សន