ព្រះសីហនុ៖ ករណីប៉ុនប៉ងមនុស្សឃាត់ គឺបុរសជាប្តី បានយកកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធ កំពុងអង្គុយអាំងភ្លើង ចំគុម្ពត្រចៀកបណ្តាលឲ្យស្លាប់ភ្លាមៗ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា នៅ អាយុ៥២ឆ្នាំ ត្រូវជាប្តី ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ សាក់ ស្រី យុ៥៣ឆ្នាំ មុខរបរកសិករ ជនសង្ស័យបានយក កាំបិតផ្គាក់ កាប់ប្រពន្ធកំពុងអង្គុយអាំងភ្លើង នៅមុខផ្ទះចំគុម្ពត្រចៀកខាងស្តាំ ហើយបានប្រកាច់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
ក្រោយពេលកាប់ប្រពន្ធស្លាប់ហើយ ជនសង្ស័យ បានលីប្រពន្ធទៅដាក់លើផ្ទះ ហើយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ធ្វើការឃាត់ខ្លួនក្នុងពេលនោះតែម្តង។ វត្ថុតាងចាប់យកបាន កាំបិតផ្គាក់ដងឈើ១ដើម ប្រវែង១ម៉ែត្រ៕ ដោយ៖បញ្ញាស័ក្តិ