ខេត្តស្វាយរៀង ៖ ក្នុងបំណងដើម្បីផ្សារភ្ជាប់ថ្ងៃទិវានៃក្កីស្រលាញ់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកុម្ភៈ នាពេលខាងមុខនេះលោកឧត្តមសេនីយ៍ឯក សៅ សុវណ្ណី អគ្គលេខាធិការងអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រនិងវិទ្យុសកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀងនិងភរិយានៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននាំយកនូវថវិកាចំនួន១០.០០០ដុល្លារអាមេរិក ទៅប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៤ វត្តភ្នំរាជធានីភ្នំពេញ។
លោក សៅ សុវណ្ណី បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីផ្សារភ្ជាប់ថ្ងៃទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ លោកនិងភរិយាបាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារ គន្ធបុប្ផា ទី៤ វត្តភ្នំ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះ កុមារកម្ពុជាយើងដែលឪពុកម្តាយរបស់ពួកគេយកមកព្យាបាលជំងឺដង្កាត់ផ្សេងៗ ផងនឹងក៏ដូចជាជួយសម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកូនចៅមានជម្ងឺដង្កាត់ហើយត្រូវយកមកព្យាបាល។
សូមរំលឹកផងដែរថា ៖ នាពេលកន្លងមកលោកសៅសុវណ្ណី ប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ ស្រុករំដួល តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្វាយរៀងកាលពីពេលថ្មីៗកន្លងទៅនេះ បានចុះពិនិត្យអគារសិក្សាសាលាអនុវិទ្យាល័យថ្នាធ្នង់មាន១ខ្នងមាន៥បន្ទប់ ស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល ដែលកំពុងកសាងបានប្រមាណ៥០ភាគរយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ហើយក្នុងនោះក៏មានការចូលរួមពីលោកគ្រូអ្នកគ្រូសិស្សានុសិស្សប្រមាណជិត៣០០នាក់។
លោកសៅសុវណ្ណីបានបន្តទៀតថា៖ ប្រទេសកម្ពុជាយើងទទួលបានសមទ្ធិផលធំៗជាច្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តោតសំខាន់ទៅលើវិស័យ៤ជាអាទិភាពរួមមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្សហើយវិស័យសុខាភិបាលក៍រាជរដ្ឋាភិបាលបាននឹងបន្តលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរដើម្ព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋ៕ វ៉ៃកូ