ប្រភពពី Sputnik ថ្ងៃទី០៩ កុម្ភៈ មន្ត្រីអ្នកមុខអ្នកការអេហ្សីព បានសម្រេចចិត្តបណ្តេញស្រីរបាំពោះ សញ្ជាតិរុស្ស៊ី Ekaterina Andreeva បន្ទាប់ពីបានឃើញខ្សែវីដេអូ ដែលនាងសម្តែងលើឆាក “ញុះញង់” ខ្លាំងពេក។
នាងមានឈ្មោះក្រៅគឺ Gawhara (គ្រាប់ពេជ្រ-ភាសាអារ៉ាប់) បានត្រូវអាជ្ញាធរអេហ្សីពចាប់ខ្លួន កាលពីថ្ងៃទី ៦ កុម្ភៈ នៅក្លឹបរាត្រីមួយ បន្ទាប់ពីមានខ្សែវីដេអូ “ព្យុះរបាំពោះ” ជាច្រើន លើពណ្តាញសង្គមរបស់នាង។
តាមក្រុមអ្នកស៊ើបអង្កេត តារារបាំវ័យ ៣១ឆ្នាំ Andreeva រូបនេះ បានរងការចោទប្រកាន់ថា មានទង្វើ “អាសអាភាស” ក្នុងការស្លៀកពាក់ ហើយក៏ពុំទាន់មានលិខិតស្នាមស្របច្បាប់ សម្រាប់ការរស់នៅ និងប្រកបការងារ។
មេធាវីរបស់នាង Andreeva លោក Mohamed Saleh អះអាងថា នាងបានជ្រើសរើសសម្លៀកពាក់សម្តែង ដែលមានការអនុញ្ញាតរបស់ក្រសួងទេសចរណ៍អេហ្សីព ហើយនាងគ្រាន់តែជាសិល្បៈការិនីរបាំពោះបរទេស មានលិខិតអនុញ្ញាតឲ្យធ្វើការនៅអេហ្សីព។
លោក Saleh ឲ្យដឹងថា ស្ថាប័នសន្តិសុខជាតិអេហ្សីព បានចេញបញ្ជា បណ្តេញនាង Andreeva ព្រោះ “គំរាមកំហែងសន្តិសុខជាតិ”។ ពេលនេះនាងកំពុងត្រូវបានឃុំខ្លួននៅស្នងការប៉ូលិស Cairo ហើយតាមគំរោងគេនឹងបណ្តេញនាងចេញនៅថ្ងៃ ១០ កុម្ភៈនេះតែម្តង៕ ចន្ទ្រា