Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ស្រី​ម្នាក់​ប្រើ​អំពើហិង្សា​លើ​កូនឈ្នួល​របួសស្នាម​ពេញ​ខ្លួន បញ្ជូនទៅ​តុលាការ​ខេត្តកណ្តាល​

កណ្ដាល​៖ ថៅកែ​ស្ត្រី​ម្នាក់ ប្រើ​ហិង្សា​មកលើ​កូន​ឈ្មួ​ល​ជា​អនីតិជន​បណ្តាល​ឲ្យ​មាន​របួសស្នាម​ជាំ ដាច់រយះ​ស្ទើរ​ពេញ​ខ្លួន ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ផ ស រ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មានមុខ​របរ​អ្នកបម្រើ​នៅតាម​ផ្ទះ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​អង្គរ ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ដាំង រស្មី ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មេផ្ទះ​។​

​ប្រភព​ដដែល បាន​រៀបរាប់​ដំណើររឿង​ថា កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២០ មីង​ប​ង្តើ​តរបស់​ជនរងគ្រោះ ឈ្មោះ សុខ ស្រី មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​នាំ​ក្មួយ​ឈ្មោះ ផាត សុ​រី​ន មក​ធ្វើការ​ជា​អ្នកបម្រើ​នៅផ្ទះ​របស់​ឈ្មោះ ដាំង រស្មី ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់ តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ពេលដែល​រូបនាង​មក​ធ្វើការ​ជា​អ្នកបម្រើ​នៅផ្ទះ​ថៅកែ​ស្រី ឈ្មោះ ដាំង រស្មី តែងតែ​ប្រើ​អំពើ​ឃោរឃៅ​វាយដំ​មកលើ​រូបនាង​រហូត គឺ​យក​វែក​សម្លរ វាយ​ក្បាល វាយ​មុខ បណ្តាលឱ្យ​បែក​ហូរឈាម ពេលខ្លះទៀត យក​កាំបិតប៉័ងតោ វាយ​ក្បាល និង​ដាច់​មុខ​បណ្តាលឱ្យ​បែក​ហូរឈាម​ជាច្រើនលើក​ច្រើនសា ហើយ​មិនបាន​នាំ​នាង​ទៅ​ពេទ្យ ឬ​ទិញ​ថ្នាំ​ឱ្យ​នាង​លេប​ទេ ហើយ​ឱ្យ​នាង​ធ្វើ​ការងារ​ផ្ទះ​ទោះបីជា​នាង​ឈឺ​ក៏ដោយ​។​

​ប្រភព​បន្តថា នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ថៅកែ​ស្រី​បាន​ប្រើ​ឱ្យ​យក​កូនចាន​បបរ ស្លាបព្រា និង​កែវ​មក​ឱ្យតែ​យកមក​មិនទាន់​ចិត្ត ត្រូវបាន​ថៅកែ​ស្រី​យក​វែក​សម្លរ​វាយ​បែក​ចិញ្ចើម​ខាងស្តាំ​បែក​ហូរឈាម ភ្លាម​ពេលនោះ​នាង​បាន​ដើរចូល​ទៅក្នុង​បន្ទប់​យក​អាវ​មក​ទប់​ឈាម​កុំឱ្យ​ហូរ​។​

​បើតាម​ប្រភពព័ត៌មាន​ដដែល ក៏បាន​បញ្ជាក់​ឱ្យដឹងថា​៖ «​កាល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ កូន​ថៅកែ​រូបនេះ បាន​ប្រើ​ឱ្យ​នាង​ជា​ជនរងគ្រោះ​អាំងត្រី និង​មើល​សម្ល​ដែល​ថៅកែ​ស្រី​របស់​នាង​ឱ្យមើល ដោយសារតែ​នាង​អាំងត្រី​មិន​ឆ្អិន​ល្អ ថៅកែ​ស្រី​របស់​នាង បាន​យក​វែក​វាយ​ចំ​ចិញ្ចើម​មុខ​ខាងឆ្វេង​បណ្តាលឱ្យ​បែក​ហូរឈាម ចំ​ពីលើ​ស្នាម​កាំបិត​ចាស់​ដែល​ថៅកែ​នាង​ធ្លាប់​វាយ ហើយ​ពេល​នោះដែរ ថៅកែ​ស្រី​នាង​បាន​ប្រើ​ឱ្យ​នាង​មក​ទិញ​ទឹកត្រី​នាង​មានឱកាស​ក៏បាន​រត់ចេញ​ហើយ​ហៅ​ម៉ូតូឌុប ដើម្បី​រក​អ្នក​ជួយ​ដល់​រូបនេះ​»​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​សហការ​ជាមួយ​នគរបាល​ក្រុង​តាខ្មៅ តាម​បញ្ជា​ស្នងការ ព្រមទាំង​បាន​សហការ​ជាមួយ​លោកស្រី ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត និង​ការិយាល័យ​សង្គមកិច្ច​ក្រុង និង មន្ត្រី​ជំនាញ​មន្ទីរ​សង្គមកិច្ច​បាន​ចុះទៅ​ជួប​ជនរងគ្រោះ និង​បាន​នាំ​នាង​ដាក់ពាក្យ​បណ្តឹង​ព្រមទាំង​នាំ​នាង​មកកាន់​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ខេត្តកណ្តាល ធ្វើការ​សម្ភាសន៍​សាកសួរ​ជនរងគ្រោះ ហើយ​បាន​នាំ​ជនរងគ្រោះ​ទៅពិនិត្យ​របួសស្នាម​លើ​រាងកាយ និង​ការពិនិត្យ​ផ្លូវភេទ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×