ខេត្តព្រៃវែង៖កាលពីវេលាម៉ោងជាង២២និង០០នាទី យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ស្ថិតក្នុងភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។
មានករណីឆក់ខ្សែភ្លើងស្លាប់មនុស្សម្នាក់ ឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ សង្ស័យជាចោបំរ៉ុងចូលលួចចាប់មាន់អ្នកភូមិ។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
បន្ទាប់ពីទទួលព័ត៌មានថាមានករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យមនុស្សស្លាប់ ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាសមត្ថកិច្ចជំនាញចុះអនុវត្តជំនាញ និងបានពិនិត្យកន្លែងកើតហេតុឃើញថា៖ ឈ្មោះ យឹម សំអាត មានស្នាមដាច់ឆេះខ្លោច បាតដៃខាងឆ្វេងមួយកន្លែងបណ្តាលមកពីឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន ។
លោកវរសេនីយ៍ទោមុំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានថ្លែងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះរួមទាំងវត្ថុតាងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។
ប្រភពជុំវិញពីកន្លែងកើតហេតុបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ដោយសារក្នុងមូលដ្ឋានឧស្សាហ៍កើតមានករណីចោរកម្មលួចមាន់ និងទ្រព្យសម្បត្តិច្រើនលើកមកហើយ ទើបម្ចាស់ផ្ទះខាងលើ រាយខ្សែភ្លើងជុំវិញទ្រុងមាន់ភ្ជាប់ក្បាលអាំងស៊ីម៉ូទ័រសម្រាប់ឆក់កណ្ដុរ ជាមួយអាគុយដើម្បីការពារទ្រព្យសម្បត្តិខ្លួន។ ប៉ុន្តែជាអកុសល នៅពេលកើតហេតុ ចោរបានមកលួចមាន់ហើយប៉ះខ្សែភ្លើងដែលរាយការពារទ្រុងមាន់នោះ បណ្ដាលឱ្យឆក់ស្លាប់ចោរភ្លាមៗ។
ទោះបីជាយ៉ាងណាក៏ដោយ ករណីនេះត្រូវអនុវត្តតាមច្បាប់ជាធរមាន និងសម្រេចលើឆន្ទានុសិទ្ធិរបស់តុលាការ៕ដោយ៖បញ្ញាស័ក្តិ