កណ្តាល៖ប្រជាពលរដ្ឋនៅតំបន់ជិតខាងបាននិងកំពុងបង្ហាញក្ដីព្រួយបារម្ភជាខ្លាំង ចំពោះទីតាំងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកសំរោង ៣ ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រោះថាពេលនេះ ទឹកជំនន់ដែលកំពុងកើនឡើងយ៉ាងគំហុក បានធ្វើឲ្យអាងចិញ្ចឹមក្រពើមួយនេះមានទឹកពេញព្រៀបទៅហើយ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុមួយនៅថ្ងៃទី ១៤ ខែតុលា ២០២០។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ គេនៅមិនទាន់ឃើញមានការបញ្ជាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាននៅតំបន់នៅឡើយទេ ខណៈដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់យ៉ាងគំហុកបែបនេះទៀត នោះហាងចិញ្ចឹមក្រពើនេះ អាចនឹងលិចដែលនាំឲ្យមានហានិភ័យកើតឡើងជាក់ជាមិនខានឡើយ។
ជាមួយការព្រួយបារម្ភនេះ ប្រជាពលរដ្ឋក៏សូមសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងរកវិធីទប់ស្កាត់ជាមុនផង ដើម្បីជៀសវាងសត្វក្រពើទាំងនោះ មានឱកាសចេញក្រៅអាង អាចបង្កគ្រោះថ្នាក់ពលរដ្ឋបាន៕ ដោយ៖ លឹម ហុង