ភ្នំពេញ៖ ក្នុងនាមក្រសួងទទួលខុសត្រូវលើសន្តិសុខស្បៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ចុះពិនិត្យឃើញទិដ្ឋភាពនៃគ្រោះមហន្តរាយលើដំណាំស្រូវ នៅភូមិពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះមុខបានបញ្ជាឲ្យឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបញ្ចេញស្រូវពូជចំនួន ២៩តោន ជាបន្ទាន់យកមកដោះស្រាយបឋមជូនប្រជាកសិករ។ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋានត្រូវចុះមកតាមដានស្ថានភាពគ្រោះទឹកជំនន់នេះឲ្យ បានជាប់ជាប្រចាំ រួចវាយតម្លៃផលប៉ះពាល់ជារួមទូទាំងតំបន់ដែលទទួលរងគ្រោះនេះ បន្ទាប់មកត្រូវដាក់សំណើស្រូវពូជជូនមកក្រសួងដើម្បីធ្វើការពិនិត្យដោះស្រាយតាមការចាំបាច់។
តាមការប៉ាន់ប្រមាណបឋមរបស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថាខេត្តពោធិសាត់អាចត្រូវការស្រូវពូជប្រហែល ៦០០តោន។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំលេខ ៤០២ សណន. កសក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្តីអំពី “ការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញនៃផលិតកម្មកសិកម្ម” ។
យោងលើរបាយការណ៍របស់មន្ទីរបានបង្ហាញថា បច្ចុប្បន្នខេត្តពោធិ៍សាត់កំពុងទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ផលដំណាំ និងសត្វពាហនៈរបស់ប្រជាកសិករក្នុងស្រុក/ក្រុងចំនួន ៦ គឺស្រុកកណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តាលោមានជ័យ និងក្រុងពោធិ៍សាត់។ ផ្ទៃដីដំណាំស្រូវអនុវត្តបាន ១៤៥ ៣៤២ហិកតា ក្នុងនោះផ្ទៃដីចំនួន ២៦ ៩៥០ហិកតា ត្រូវបានទទួលរងនូវផលប៉ះពាល់ ហើយផ្ទៃដីចំនួន ៦ ១៤៣ហិកតា ត្រូវបានខូចខាតទាំងស្រុង។ ដោយឡែកដំណាំរួមផ្សំ ឈើហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់ចំនួន ១០០៨២ហិកតា និងផ្ទៃដីខូចខាតទាំងស្រុងមាន ចំនួន ២៤៩៤ហិកតា។
ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ខេត្តបាត់ដំបង ស្រុកមោងឫស្សី ឃុំព្រៃស្វាយ ភូមិចាមរអា។ ពិនិត្យជារួម ស្ថានភាពនៃគ្រោះទឹកជំនន់នៅទីនេះមិនខុស ពីខេត្តពោធិ៍សាត់ទេ គ្រាន់តែវិសាលភាពនៃទំហំផ្ទៃដីប៉ះពាល់បានគ្របដណ្តប់ដល់ទៅ ១៤ក្រុង-ស្រុក និងប៉ះពាល់ដល់ដំណាំស្រូវរហូតដល់ទៅ ៨២៤៧៦ហិកតា អាចមានផ្ទៃដីខូចខាត មិនទាន់បានបូកសរុបនៅឡើយ។ ដោយឡែក ដំណាំសាវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់សរុបចំនួន ៤៩៦១៦ ហិកតា និងផ្ទៃដីខូចខាតចំនួន ២៦៩០៧ហិកតា។ ជារួមស្ថានភាពទឹកជំនន់បាននិងកំពុងស្រកចុះជាបណ្តើរៗវិលត្រឡប់ទៅរកភាពប្រក្រតីវីញ។
ចំពោះផ្ទៃដីខូចខាត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនាយកដ្ឋានដំណាំស្រូវ រៀបចំចុះស្រង់ស្ថិតិ ពិនិត្យ វាយតម្លៃ និងលើកសំណើអន្តរាគមន៍ស្រូវពូជជាបន្ទាន់ ដើម្បីយកមកចែកជូនប្រជាកសិករបន្ទាប់ពីទឹកស្រកចុះ ហើយករណីនេះមិនចំពោះតែខេត្តពោធិសាត់ និងខេត្តបាត់ដំបងទេ សារនេះបានផ្ញើជូនខេត្តទាំងអស់ដែលទទួលរងនូវផលប៉ះពាល់គ្រោះទឹកជំនន់នេះ។ ចំពោះអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យធ្វើបច្ចុប្បន្នភាពសន្និធិស្រូវពូជនៅទូទាំងប្រទេស ដើម្បីកំណត់បាននូវលទ្ធភាពនៃការផ្គត់ផ្គង់ស្រូវពូជបន្ទាប់ពីទឹកស្រកចុះ។
ឆ្លៀតយកឱកាសនេះ នៅវេលាម៉ោង ១៧និង០០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចូលពិនិត្យស្ថានភាពទឹកជំនន់ នៅកសិដ្ឋានផលិតស្រូវពូជទួលសំរោងផងដែរ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក កម្រិតទឹកចាប់ផ្តើមហក់ឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យជន់លិចលង់ដំណាំស្រូវពូជចំនួន ១៩៥ហិកតា ក្នុងចំណោមផ្ទៃដីកសិដ្ឋានសរុបចំនួន ២៩០ហិកតា ក្នុងនោះមាន៖ – ស្រែផលិតគ្រាប់ពូជស្រូវប្រើប្រាស់ថវិការដ្ឋឆ្នាំ២០២០ ចំនួន ៦២ ហិកតា – ស្រែផលិតគ្រាប់ពូជគម្រោង Rice-SDP ចំនួន ៧៣ ហិកតា – ស្រែផលិតគ្រាប់ពូជគម្រោងជំរុញផលិតកម្មស្រូវក្រអូបប្រើប្រាស់ថវិកាបន្ថែមរបស់រដ្ឋឆ្នាំ២០២០ ចំនួន ៥០ ហិកតា – ស្រែបង្ហាញពូជស្រូវផ្ការំដួលចំនួន ៥ហិកតា – ស្រែពិសោធន៍កម្រិតជី NPK និងការគ្រប់គ្រងជំងឺចំនួន ៤ហិកតា
សូមបញ្ជាក់ថា ដំណាំស្រូវទាំង ១៩៥ ហិកតា កំពុងស្ថិតក្នុងដំណាក់កាលធ្វើខ្លួន បែកគុម្ភ។
ក្នុងអន្តរកាលនេះ កសិដ្ឋានកំពុងចាត់វិធានការការពារដោយប្រើប្រាស់អេស្តាវាទ័រ លើកដីព័ទ្ធជុំវិញឃ្លាំងស្តុកស្រូវពូជដែលបច្ចុប្បន្នមាននៅក្នុងសន្និធិចំនួន ៦០០តោន និងបន្តតាមដានស្ថានភាពទឹកជាប្រចាំ។ វិធានការចំពោះមុខ កសិដ្ឋានបានត្រៀមរួចហើយម៉ាស៊ីនបូមទឹក ដើម្បីជួយសង្គ្រោះដំណាំស្រូវនៅពេលទឹកជំនន់ស្រកចុះផុតភ្លឺ និងបូមទឹកចេញពីបរិវេណកសិដ្ឋាន ករណីទឹកហូរចូលលិចឃ្លាំងស្តុក។ ប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរបែបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កម្លាំងចិត្តជូនថ្នាក់ដឹកនាំ និងបុគ្គលិក កម្មករកសិដ្ឋានទាំងអស់មេត្តាយកស្មារតីប្រុងប្រយ័ត្នខ្ពស់ ចាត់វិធាន ការការពារឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពធ្វើយ៉ាងណាការពារស្រូវពូជ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងកសិដ្ឋានឲ្យបាន និងត្រូវបន្តតាមដានកម្ពស់ទឹកជាប់ជាប្រចាំ ២៤ម៉ោង លើ ២៤ម៉ោង។ រាយការណ៍ជូនអគ្គនាយកដ្ឋានជាប់ជាប្រចាំដើម្បីសុំអន្តរាគមន៍ ក្នុងករណីមានភាពអាសន្នកើតឡើង។
បន្ទាប់ទឹកស្រក អគ្គនាយកដ្ឋានត្រូវចាត់វិធានការចុះមកស្តារស្ថានភាពដំណាំ ស្រូវឡើងវិញតាមលទ្ធភាពដែលអាចធ្វើបាន។ មួយវិញទៀត ត្រូវប្រញាប់បញ្ចេញស្រូវពូជដែលមានក្នុងសន្និធិជូនទៅតាមសំណើរបស់មន្ទីរដែលទទួលរងនូវគ្រោះទឹកជំនន់ ធ្វើយ៉ាងនេះដើម្បីកាត់បន្ថយហានីភ័យនៃការលិចស្រូវពូជដោយប្រការណាមួយ៕
ដោយ៖បញ្ញាស័ក្តិ