ភ្នំពេញ ៖ បច្ចុប្បន្នគេសង្កេតឃើញថា ការប្រារព្វនូវពិធីខួបកំណើតហាក់បីដូចជាបានបង្កើតនូវកម្មវិធីលេងប្លែកៗ និងភ្ញាក់ផ្អើលជាច្រើនដើម្បីញាំងឲ្យកម្មវិធីកាន់តែសប្បាយរីករាយ ជាពិសេសរវាងមិត្តភក្តិជិតស្និទ្ធ។ យ៉ាងណាក៏ដោយការលេងសើចមួយចំនួន បានផ្តល់នូវគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះម្ចាស់ខួប។
ជាក់ស្តែងការលេងរុញមុខម្ចាស់ខួបឲ្យផ្ទប់ នឹងខំខេក ពិតជាគ្រោះថ្នាក់មែនទែន ព្រោះនៅក្នងនំខេកមួយចំនួន អ្នកធ្វើគាត់បានដោតឈើឫស្សីដែលមានចុងស្រួច ដើម្បីទប់ផ្ទាំងអក្សរជូនពរ ឬឈ្មោះម្ចាស់ខួបកុំឲ្យរលំ។ ហើយសម្រាប់មនុស្សមួយចំនួន ដែលគាត់ចូលចិត្តលេងរុញមុខមិត្តភក្តិផ្ទប់នឹងនំខេក សូមបញ្ឈប់ការលេងសើចរបៀបនេះជាបន្ទាន់ មិនដូច្នេះទេប្រាកដណាស់នឹងមានរឿងសោកស្តាយកើតឡើងជាមិនខាន ព្រោះឈើឫស្សីដែលមានចុងស្រួចទាំងនោះ អាចចាក់ចំផ្ទៃមុខបណ្តាលឲ្យមានគ្រោះថ្នាក់ ជាពិសេសគឺភ្នែក ហើយបើរុញមួយទំហឹងទៀតនោះ អាចនឹងត្រូវពិការភ្នែកអស់មួយជីវិត។ ដូច្នេះដើម្បីកុំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ សូមបញ្ឈប់ និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការលេងសើចទាំងឡាយណា ដែលអាចផ្តល់គ្រោះថ្នាក់ដល់ខ្លួន និងមនុស្សជាទីស្រឡាញ់ជុំវិញខ្លួន៕ ដោយ៖ កូលាប ក្រហម