កណ្តាល ៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាំគ្នាជិះកង់ទៅលេងទឹកបឹងទទឹងថ្ងៃ រួចនាំគ្នាចុះទៅលាងជើងមិនប្រយ័ត្នបណ្តាលឲ្យរអិលធ្លាក់ចូលទៅក្នុងបឹង លិចបាត់ទៅក្រោម ចំណែកឯក្មេងប្រុសម្នាក់ទៀត ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាន់ពេល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៤ និង០០នាទីល្ងាច ថ្ងៃសៅទី១៧ ខែតុលា ឆ្នាំ ២០២០ នៅភូមិកោះគ សង្កាត់រការខ្ពស់ ខេត្តកណ្តាល។
សពមានឈ្មោះ ឌុយ ចាន់នឿន អាយុ១៦ ឆ្នាំ ជាសិស្ស រស់នៅភូមិព្រៃថី សង្កាត់រការខ្ពស់ ខេត្តកណ្តាល។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញក្មេងប្រុសពីរនាក់ បានជិះកង់ឌុបគ្នាមកលេងនៅបឹងទទឹង រួចក៏បាននាំគ្នាឈុបចុះទៅក្នុងបឹងលាងជើងទាំងពីរនាក់ ស្រាប់តែពេលចុះទៅមិនប្រយ័ត្នក៏រអិលជើងធ្លាក់ចូលទៅក្នុងបឹងដ៏ជ្រៅ លិចទៅក្រោមបាត់ម្នាក់ ចំណែកឯក្មេងប្រុសម្នាក់ទៀត ធ្លាក់ទៅដែរ តែមិនលិច ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាន់ពេល រួចក៏បានស្រង់ឡើងមកលើគោកវិញ។
ក្រោយពេលដែលឪពុកម្តាយ និងបងប្អូនដឹងថា ក្មេងប្រុសខាងលើ បានលង់ទឹកក៏នាំគ្នាចុះទូកចេញ រកទាំងយប់ងងឹត ហើយនាំគ្នាយកសំណាញ់ទៅបង់អស់រយៈពេលជាង ៣ ម៉ោងនៅតែរកមិនឃើញ តែដោយសារឪពុកម្តាយមិនអស់ចិត្ត ចុងក្រោយក៏សម្រេចចិត្តជួលអ្នកជំនាញរុករកសពក្នុងទឹកឲ្យមកជួយភ្លាមៗ។
ក្រោយពេលខាងជំនាញចុះទៅរកជាប្រមាណតែមួយនាទីក៏រកសពឃើញ រួចប្រគល់ឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សា មេត