បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅរស់នៅតាមដងស្ទឹង និងទីកន្លែងកំពុងលិចទឹក ពិតជាមានការព្រួយបារម្ភជាខ្លាំង ក្រោយទទួលដំណឹងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដោយប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស បានប្រាប់ថា មានសត្វក្រពើមួយក្បាលទម្ងន់ជាង ៣០ គីឡូក្រាម បានរួចចេញពីក្នុងអាងចិញ្ចឹម ក្នុងអំឡុងពេលទឹកជំនន់កាន់តែកើនឡើង ក្រោយបាក់ទំនប់ស្ទឹងព្រែកត្នោត។
ក្នុងនោះផងដែរ លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស ក៏បានថ្លែងប្រាប់អ្នកព័ត៌មានថា ពិតជាមានករណីក្រពើ១ក្បាលទម្ងន់ជាង៣០គីឡូក្រាម រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា។ ហើយលោកចៅសង្កាត់ព្រែកកំពិស ក៏បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។
ដោយឡែក កាលពីយប់មិញថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៦ និង ៤៥នាទី សត្វក្រពើ១ក្បាលដែលបានរួចចេញពីកសិដ្ឋានមួយ នៅក្នុងសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ ត្រូវអាជ្ញារចាប់បានមកវិញផងដែរ។
តែទោះយ៉ាងណា មិនមែនតែ១ក្បាលនេះទេ គឺមាន១ក្បាលទៀតទម្ងន់រហូត ៤០ គីឡូ ត្រូវបានចាប់បាននៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Smey Yoxic បានបង្ហោះប្រាប់ឲ្យដឹងថា៖ «ប្រុងប្រយ័ត្នមិនមែនរួច១ទេ. តាហានិភ័យចាប់បានឡាំឌួយ 40 kg មួយក្បាលទៀត ព្រឹកថ្ងៃទី18.10.20 ទីតាំង: ព្រែកកំពឹស»៕ ដោយ៖ លឹម ហុង