ក្មេងស្រីជនជាតិបរទេសម្នាក់ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានបញ្ចេញទេព្យកោសល្យ និងសមត្ថភាពពិសេសអាចនិយាយរហូតដល់ទៅ៧ភាសា និងបាញ់ពិធីករដឹកនាំកម្មវិធីសើចផ្អើលឆាក។
តាមរយៈវីដេអូខ្លីមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គម បានបង្ហាញឱ្យឃើញពីក្មេងស្រីតូចដ៏ស្រស់ស្អាតម្នាក់ កំពុងចូលរួមលេងនៅក្នុងកម្មវិធីទូរទស្សន៍មួយ។ នៅក្នុងកម្មវិធីនោះពិធីករ បានសួរទៅកាន់ក្មេងតូចថា តើភាសាទាំង៧ដែលនាងអាចនិយាយនោះមានអ្វីខ្លះ? ក្មេងតូចនោះក៏បានឆ្លើយថាមាន រុស្សុី អង់គ្លេស អារ៉ាប់ អ៉ីតាលី អេស្ប៉ាញ អាឡឺម៉ង់ និងភាសាចិន។ បន្ថែមពីនោះពិធីករបានសុំឱ្យនាងបង្រៀនគាត់ពីភាសាបេឡា ដែលវាប្រហែលជាភាសាផ្ទាល់ខ្លួនរបស់នាង។
ជាងនេះទៅទៀតអ្វីដែលធ្វើឱ្យពិធីករទាល់តម្រិះ និងផ្ទុះសំណើចព្រមជាមួយអ្នកទស្សនាផ្ទាល់នោះ គឺត្រង់ចំណុចដែលពិធីរករបាននិយាយថា នាងតូចគឺដូចជាព្រះនាងយ៉ាងអ៊ីចឹង ហើយបានសួរនាងថាតើខ្លួនដូចព្រះអង្គម្ចាស់ឬទេ?? ស្រាប់តែក្មេងតូចបានឆ្លើយទាំងសើចថា អ្នកមើលទៅដូចខ្លាឃ្មុំកូឡាទៅវិញ ធ្វើឱ្យពិធីករនិងអ្នកទស្សនាផ្ទុះសំណើចក្រហមមុខគ្រប់គ្នា ដោយសារស្មានមិនដល់ពីចម្លើយរបស់ក្មេងតូច។
នៅចុងបញ្ចប់នៃវីដេអូនោះ ពិធីករក៏បានធ្វើការបញ្ជាក់សមត្ថភាពពិតរបស់នាង ដោយដាក់វិញ្ញាសាឱ្យនាងដើរទិញបន្លែ សាច់ផ្សេងៗពីក្មេងៗមកពី៧ប្រទេស ដោយប្រើភាសារទាំង៧។ ជាលទ្ធផលនាងតូចបានដើរទិញអីវ៉ាន់គ្រប់មុខតាមបញ្ជីដែលពិធីករដាក់ឱ្យ ដោយប្រើភាសាទាំង៧នោះយ៉ាងស្ទាត់ជំនាញ៕ ដោយ៖ កូលាប ក្រហម