ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២០ខែតុលានេះ ស្ថានទូតស៊ុយអែតបានប្រកាសចាប់ផ្ដើមអនុវត្តកម្មវិធីឆ្លើយតបចំពោះជំងឺកូវីដ-១៩ ដើម្បីផ្ដល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុដល់សហគមន៍ជនបទ តាមរយៈសកម្មភាពដាំដើមឈើ។ កម្មវិធីនេះមានគោលបំណងជម្រុញឱ្យមានការ ចូលរួមពីប្រជាពលរដ្ឋដែលរស់នៅជន បទចំនួន១៦០០គ្រួសារ ក្នុងខេត្តពោធិ៍សាត់ និងសៀមរាប ដើម្បីដាំដើមឈើនៅក្នុង មូលដ្ឋានរបស់ពួកគេ បង្កើតជាស្ថានីយ៍បណ្ដុះកូនឈើ និង ចូលរួមក្នុងសកម្មភាពអភិរក្សដទៃទៀតទូទាំងប្រទេស។
កម្មវិធីនេះ នឹងត្រូវអនុវត្តក្រោមការដឹកនាំរបស់ក្រសួងបរិស្ថានដោយមានការគាំទ្រផ្នែកបច្ចេកទេសពី UNDP តាមរយៈគម្រោង កសាងបរិយាកាសអំណោយផល សម្រាប់ ការអភិវឌ្ឍប្រកប ដោយចីរភាព (BESD)។
ព្រៃឈើ និងជីវចម្រុះ នៅបន្តរងសម្ពាធក្នុងកម្រិតខ្ពស់ ហើយ វាកំពុងមានការកើនឡើងដោយសារតែការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មនុស្សរាប់ ម៉ឺននាក់បាត់បង់ការងារធ្វើ ហើយពលករចំណាកស្រុកជាង ១០ម៉ឺននាក់បានវិលត្រឡប់ពីប្រទេសជិតខាងទៅកាន់ស្រុកកំណើតនៅតំបន់ជនបទវិញ។ ការស្វែងរកប្រាក់ចំណូល និងស្បៀងអាហារ កាន់តែលំបាកទៅៗសម្រាប់ប្រជាជនមួយចំនួន។ ដើម្បីជីវភាព រស់នៅជាពិសេសក្នុងអំឡុងពេលនៃជម្ងឺរាតត្បាតនេះ ប្រជាជន កាន់តែច្រើនចាប់ផ្ដើមចូលព្រៃដើម្បីកាប់ឈើ បរបាញ់សត្វព្រៃ និងនេសាទជាដើម ដែលជាការដាក់សម្ពាធបន្ថែមទៀតមកលើ ប្រព័ន្ធអេកូឡូស៊ីដែលកំពុងមានភាពផុយស្រួយរួចទៅហើយនោះ។
ឯកឧត្តម ប្យ៊ន ហេកម៉ាក ឯកអគ្គរាជទូតស៊ុយអែតប្រចាំ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ˝ការកាត់បន្ថយផល វិបាកដែលបង្កឡើងដោយសារជំងឺរាតត្បាតជាសកលជារឿង ចាំបាច់។ ការគាំទ្ររបស់ប្រទេសស៊ុយអែត ចំពោះកញ្ចប់ថវិកា សង្គ្រោះបន្ទាន់ក្នុងទំហំទឹកប្រាក់ ៤ ៣០០ ០០០SEK ឬប្រមាណ ជិតកន្លះលានដុល្លារអាមេរិកនេះ នឹងរួមចំណែកដោះស្រាយ បញ្ហានេះ។ កញ្ចប់ថវិកានេះ នឹងផ្ដល់ឱ្យសហគមន៍ដែលងាយរង គ្រោះនូវឱកាសរកប្រាក់ចំណូលបានភ្លាមៗ តាមរយៈការដាំ ដើមឈើដើម្បីជួយឱ្យពួកគេអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមាន។ សកម្មភាពនេះក៏នឹងរួមចំណែក ដល់ការស្ដារប្រព័ន្ធអេកូឡូស៊ីដ៏មានសារៈសំខាន់ផងដែរ។˝
លោកឯកអគ្គរាជទូត ក៏មានប្រសាសន៍បន្ថែមទៀតថា៖ កម្មវិធី នេះនឹងបន្តអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០២១ ដែលនឹងផ្ដល់ ឱកាសការងារភ្លាមៗដល់សហគមន៍ដែលមាន តម្រូវការចាំបាច់ជាងគេតាមរយៈសកម្ម ភាពដាំដើមឈើ។ កម្មវិធីនេះនឹងបណ្តុះកូនឈើនៅរដូវប្រាំង និងគាំទ្រដល់ សកម្មភាពដាំដើមឈើមួយជុំទៀត ចន្លោះពីខែឧសភា ដល់ខែ មិថុនា ឆ្នាំ២០២១។
ឯកឧត្តមបណ្ឌិត ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា «កម្មវិធីសាច់ប្រាក់ពលកម្មគឺជាអន្តរាគមន៍ ទាន់ពេលវេលាដែលគេត្រូវការជាចាំបាច់ ដើម្បីឆ្លើយតបភ្លាមៗចំពោះតម្រូវការបន្ទាន់របស់សហគមន៍ជនបទដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងភាពចាំបាច់ក្នុងការ ស្ដារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗដែលកំពុងទទួលរងសម្ពាធ។»
ឯកឧត្តម ពន្លក បន្តមានប្រសាសន៍ថា «ការងារនេះនឹងជួយ បង្កើនគម្របព្រៃក្នុងតំបន់គោលដៅ ដែលជាប្រភពស្រូប យកកាបូន រួមចំណែកដល់ការបន្តប្រយុទ្ធប្រឆាំងទៅនឹង ការប្រែប្រួលអាកាសធាតុរបស់យើង។»
លោក Nick Beresford តំណាងនិវាសនដ្ឋាននៃ UNDP ប្រចាំ នៅកម្ពុជា មានប្រសាសន៍ថា «រដ្ឋាភិបាលប្រទេសស៊ុយអែតនិង UNDP ប្ដេជ្ញាផ្ដល់ការគាំទ្រពេញទំហឹងដល់ព្រះរាជាណា ចក្រកម្ពុជាក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនេះ។ កម្មវិធីដាំដើមឈើនេះ ជួយផ្ដល់ជាសាច់ប្រាក់ជាផ្នូរនឹង កម្លាំងពលកម្ម នៅពេលដែលគេត្រូវការសាច់ប្រាក់ជាងគេបំផុត។ ហើយតាមរយៈការវិនិយោគលើគម្របព្រៃឈើ យើងអាចរួមចំណែកដល់ការកសាងអនាគតកាន់តែបៃតង និងកាន់តែស្អាតសម្រាប់គ្រប់គ្នា»៕ ដោយ៖បញ្ញាស័ក្តិ