ភ្នំពេញ៖ករណីចោរលួចរថយន្តដ៏មិននឹកស្មានមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ព្រោះថា ចោរនោះគឺពិតជាហ៊ានខ្លាំងណាស់ ខណៈដែលម្ចាស់ចុះទិញខ្សែឆ្នាំងសាកទូរស័ព្ទមិនដល់ ៥ នាទីផង ដោយឈប់ឡានចតកណ្តាលផ្លូវ (ពុំបានដកសោចេញ) ខណៈមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែលោកចោរលបចូលក្នុងរថយន្តតាមរយៈទ្វាខាងឆ្វេង បើកចាកចេញទៅបាត់តែម្តង។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ MengHuy KH បានបង្ហោះឲ្យដឹងថា នៅវេលាម៉ោង ៨ និង ៤៥ នាទី យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានករណីចោរលួចឡាន ខណៈម្ចាស់ឈប់ទិញខ្សែឆ្នាំងសាកមិនបាន ៥ នាទី ផង ដោយសារមិនបានដកសោចេញ ដែលជាហេតុធ្វើឲ្យចោរឃើញឱកាសល្អ លបចូលជិះបើកចេញទៅ ហើយម្ចាស់បានត្រឹមរត់ដេញតាមចាប់ខ្យល់ប៉ុណ្ណោះ។
ហេតុនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា កុំធ្វេសប្រហែសឲ្យសោះ ព្រោះចោរសម័យនេះគឺហ៊ានៗណាស់។ បើសិនជាបងប្អូនបានឃើញរថយន្តដែលមានផ្លាកលេខ ភ្នំពេញ 2AK 3032 សូមជួយទាក់ទងទៅគាត់ផង តាមរយៈលេខទូរស័ព្ទៈ 0962467773។
ក្រោយពីបានឃើញបែបនេះ ហួសចិត្តខ្លាំងពេក អ្នកលេងបណ្តាញសង្គម ក៏បានស្តីឲ្យថា៖ «សូមសរសើរម្ចាស់ឡាន ខ្ជិលសូម្បីដកសោពន្លត់ម៉ាស៊ីន, ប្រហែសណាស់ ឈប់ឡានកណ្ដាលផ្លូវសមអ៊ីចឹងហើយ, សោកស្តាយ ប៉ុន្តែសុំចតអែបឱ្យបានសមរម្យបន្តិចទៅ ផ្លូវសាធារណៈណា គ្មានអ្នកណាហាមមិនឱ្យចូលទិញទេ បញ្ហាស្ទះចរាចរណ៍ច្រើនណាស់ដែលកើតចេញពីអ្នកបើកបរគ្មានរបៀបបែបនេះ។ ចតគ្មានរបៀប ដល់ពេលគេជេរស្តីឱ្យតាំងធ្វើមុខឡេឡឺៗ ហាសហា សង្ស័យលោកចោរទើសភ្នែកពេក ជិះយកទៅចតឲ្យបានត្រឹមត្រូវឲ្យទេដឹង»៕ ដោយ៖ លឹម ហុង