Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​នាំយក​អំណោយ​មនុស្សធម៌​របស់​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែក ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ចំនួន ​៣៧៥​គ្រួសារ​ទៀត នៅ​ខណ្ឌដង្កោ​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​នាំយក​អំណោយ​មនុស្សធម៌​របស់​ម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែក ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧៥​គ្រួសារ នៅ​ខណ្ឌដង្កោ ដែល​កំពុង​រងគ្រោះ​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​និង​បញ្ជា​ផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​បាន​ណែនាំ​នឹង​ជំរុញ​ឱ្យ​កងកម្លាំង​ទាំងអស់ ធ្វើយ៉ាងណា​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ ឱ្យមក​កាន់​ទីទួល​សុវត្ថិភាព​បាន​ទាន់ពេលវេលា ។ ឯកឧត្តម​បាន​បញ្ជាក់ថា នៅពេលដែល​បាន​ជម្លៀស​ជម្លៀស​ប្រជាពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព​បាន​ដោយ​ជោគជ័យ​ហើយ អាជ្ញាធរ និង​រាជរដ្ឋាភិបាល នៅតែ​បន្ត​គិត គូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បន្តទៀត ដូចជា​ការផ្តល់​អំណោយ​មនុស្សធម៌ ជាមួយនឹង​ការចែក​អាហារ​ហូបចុក​គ្រប់គ្រាន់ ខណៈដែល​ការសង្គ្រោះ​ប្រជាពលរដ្ឋ​នេះ គឺធ្វើឡើង​ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​ឬ​គណបក្ស​ណា​នោះឡើយ ពោល ឱ្យតែ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​គឺ​ជួយ​ទាំងអស់ ជាមួយនឹង​ការផ្ដល់​អំណោយ​ជូន​ពួកគាត់​ផងដែរ ។

អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ «​ស្ថិតនៅក្នុង​ស្ថានភាព​ម​ហ​ន្ត​រាយ​នេះ កងកម្លាំង​ចម្រុះ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ក្រោម​ការចង្អុលបង្ហាញ​ជាប់​ជាប្រចាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មាន​ម្ចាស់ការ​ខ្ពស់​សហការ​រួមគ្នា​ដោយ​ធ្វើការ​សង្គ្រោះ​ទាន់ពេលវេលា ដោយ​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ដែល​រងគ្រោះ​ទៅកាន់​ទីទួល​សុវត្ថិភាព និង​បាន​ផ្គត់ផ្គង់​ម្ហូបអាហារ ទឹក​សុទ្ធ បង្គន់​អនាម័យ និង​ទីកន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​សមរម្យ ពោល គឺ​ពុំមាន​អ្នកណាម្នាក់​ត្រូវ​រងគ្រោះ​បាត់បង់​ជីវិត​នៅឡើយ​» ។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​សកម្មភាព​ផ្ដល់​អំណោយ​ជា​សម្ភារៈ​ចាំបាច់​ប្រចាំថ្ងៃ​របស់​ស្ថានទូត​ចិន​ជូន​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ និង​ព្រមទាំង​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុង​តំបន់​។ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជាច្រើនរូប​ទៀត​អញ្ជើញ​មាន​វត្តមាន​ក្នុង​ពិធី​ខាងលើ​។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន បាន​តំណាង​ឲ្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា សម្តែង​ការសួរសុខទុក្ខ​ដោយស្មោះ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ដែល​ទទួលរង​គ្រោះមហន្តរាយ​មួយ​នេះ​។ ឯកឧត្តម​មានប្រសាសន៍​ថា ចិន​និង​កម្ពុជា ជា​បងប្អូន​ល្អ​ដែល​ជួយ​គ្នា​ទៅវិញទៅមក និង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា ភាគី​ចិន​មាន​អារម្មណ៍​ដូចគ្នា​ចំពោះ​គ្រោះមហន្តរាយ​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​យ៉ាងធ្ងន់ធ្ងរ​នេះ និង​រីករាយ​រួមចំណែក​ជា​កម្លាំង​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់​និង​ជួយសង្គ្រោះ​ក្នុង​គ្រោះទឹកជំនន់​មួយ​នេះ​។ គ្រប់​ស្ថាប័ន និង​សហគ្រាស​ចិន​ក្នុងប្រទេស​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការងារ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ទឹកជំនន់​ក្នុង​តំបន់​។ ក៏​សង្ឃឹមថា សម្ភារៈ​ចាំបាច់​ដែល​ផ្តល់ជូន​ដោយ​ស្ថានទូត​ចិន​លើក​នេះ អាចជួយ​ដល់​អ្នក​ទាំងអស់គ្នា​ក្នុងការ​ឆ្លង​នូវ​ទុក្ខលំបាក​មួយ​នេះ​។ យើង​ជឿជាក់ថា ស្ថិតក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជំ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថិតក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ប្រជាពលរដ្ឋ​កម្ពុជា​ប្រាកដជា​ទទួលបាន​ជ័យជម្នះ​លើ​ការប្រយុទ្ធប្រឆាំង​និង​កិច្ច​ជួយសង្គ្រោះ​ក្នុង​គ្រោះទឹកជំនន់​លើក​នេះ​យ៉ាង​ឆាប់រហ័ស​មិន​ខាន។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ចិន​បាន​សង្កត់ធ្ងន់ថា ឯកឧត្តម Wang Yi ទីប្រឹក្សា​រដ្ឋ រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ចិន បាន​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា​យ៉ាង​ជោគជ័យ​ក្នុងពេល​ថ្មីៗ​នេះ ចិន​និង​កម្ពុជា​កំពុង​ខិតខំ​រួមគ្នា​អនុវត្ត​សមិទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ជា​កម្លាំង​ជំរុញ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​កិច្ចការ​ព​ន្លឿ​ន​ស្តារ​ជាថ្មី​នៃ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​និង​គ្រោះទឹកជំនន់​នេះ រួមគ្នា​កសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន​និង​កម្ពុជា​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​។

​ឯកឧត្តម ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌​និង​ទេសចរណ៍​នៃ​រដ្ឋ​សភាព បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់ ឯកឧត្តម​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​កម្លាំង​សរុប មធ្យោបាយ​សរុប ក្នុង​ការជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​មកកាន់​ទី​ទួល​សុវត្ថិភាព ដែល​ធានា​ឱ្យ​ប្រជាពលរដ្ឋ​មាន សុវត្ថិភាព និង​រស់នៅ​សមរម្យ​នៅ​តំបន់​ទីទួល​សុវត្ថិភាព​។

ក្នុងឱកាស​នោះដែរ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើរ​​សូម​បងប្អូន​ដែល​កំពុង​ជួបប្រទះ​នូវ​គ្រោះទឹកជំនន់​ទឹកភ្លៀង ត្រូវ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព និង​បង្កើន​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ទឹកជំនន់ ជាពិសេស​កុមារ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ សំខាន់​ត្រូ​​វ​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ រក្សា​អនាម័យ​ស្អាត បរិភោគ​ទឹក​ដាំ​ឆ្អិន​ឬ​អាហារ​ដែល​ចម្អិន​បានល្អ ចៀសវាង​ជំងឺ​រាតត្បាត​នានា​ដែល​បង្កឡើង​ដោយ​ទឹក និង​ប្រុងប្រយ័ត្ន​ពី​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​។

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដំណើរ​ចុះសួរសុខទុក្ខ​ដោយផ្ទាល់​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន ជូន​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ខាងលើ​។ ឯកឧត្តម​បានលើកឡើង​ថា កម្ពុជា​និង​ចិន គឺជា​ប្រទេសជិតខាង​ដែលមាន​ភាពជិតស្និទ្ធ​និង​រួសរាយ​រាក់ទាក់​។ រយៈពេល​យូរ​មកហើយ ប្រទេស​ចិន​តែង​ផ្តល់ជំនួយ​ដ៏​មានតម្លៃ​ជាច្រើន ដែល​បាន​ជំរុញ​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុងប្រទេស​កម្ពុជា​។ សម្ភារៈ​ដែល​ផ្តល់​ដោយ​ស្ថានទូត​ចិន​នា​លើក​នេះ​នឹង​ជួយ​កាត់បន្ថយ​ភាពលំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទឹកជំនន់​ក្នុង​តំបន់ និង​ជួយ​បង្កើន​ទំនុកចិត្ត​ក្នុង​ការកសាង​គេហដ្ឋាន​របស់​ពួកគាត់​សាជាថ្មី​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×