បាត់ដំបង ៖ នេះជាទិដ្ឋភាពដ៏គួរឲ្យសោកសង្រេងខ្លាំងណាស់ ខណៈដែលសពស្ត្រីម្នាក់ដែលគាត់ស្លាប់ដោយសារលង់ក្នុងទឹកជំនន់ ត្រូវបានដាក់មឈូសតម្កល់នៅលើដងផ្លូវកណ្តាលវាល ដោយគ្មានតង់បិទបាំង ដែលឃើញហើយពិតជាអាណោចអាធ័មជាខ្លាំង។
អ្វីដែលអាណិតខ្លោចចិត្តទៀតនោះ គឺការបាត់បង់អាយុជីវិតស្ត្រីខាងលើ បានបន្យល់ទុកកូនប្រុសម្នាក់ ឲ្យនៅកំព្រាឯកា គ្មានទីពឹង ខណៈផ្ទះក៏គ្មាននៅដែរ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ជាងហង្ស បាត់ដំបង បានបញ្ជាក់ប្រាប់ដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានករណីស្ត្រីមេម៉ាយលង់ទឹកស្លាប់ ចំណុចកើតហេតុ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ហើយបាត់បង់ជីវិតរបស់គាត់ គឺបានបន្យល់ទុកកូនប្រុសម្នាក់ឈ្មោះ រិទ្ធី សិលា។
លោកបានបន្តទាំងអារម្មណ៍ក្តុកក្តួលថា ចាប់ពីថ្ងៃនេះទៅ រិទ្ធី សិលា នឹងតែលតោលគ្មានទីពឹងទៀតទេ ខណៈផ្ទះក៏គ្មានដែរ ។ ហេតុនេះក្លឹបប្រដាល់គុនខ្មែររបស់ពួកគាត់ សូមសន្យាថានឹងផ្តល់ភាពកក់ក្តៅឲ្យគេតាមលទ្ធភាពដែលពួកគាត់អាចធ្វើទៅបាន៕ ដោយ៖ លឹម ហុង