ភ្នំពេញ៖ ករណីរួចក្រពើតូចធំជាបន្តបន្ទាប់ ចេញពីអាងកសិដ្ឋានចិញ្ចឹមនៅក្នុងតំបន់មួយចំនួន ដោយសារតែជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរ បានធ្វើឲ្យពាក្យ «ហានិភ័យ» ត្រូវបានបង្កើតឡើង ហើយពាក្យនេះផងដែរ ក៏កំពុងពេញនិយមប្រើប្រាស់ខ្លាំងតែម្តង នៅក្នុងបណ្តាញសង្គមបច្ចុប្បន្ន។
តែយ៉ាងណា ពុំមានមានសត្វក្រពើដែលបានរួចណាមួយ បានបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ខណៈកម្លាំងមន្ត្រីពាក់ព័ន្ធ ក៏បាននិងកំពុងខិតខំគ្រប់វិធីដើម្បីតាមចាប់សត្វក្រពើទាំងនោះយកមកវិញជាបន្តបន្ទាប់ផងដែរ។ តែទោះជាយ៉ាងណា ហានិភ័យនៃការរួចសត្វក្រពើនេះ គឺនៅតែធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំងដដែល ព្រោះថាសត្វក្រពើតែងតែត្រូវបានប្រជាពលរដ្ឋប្រទះឃើញជាបន្តបន្ទាប់ ហេតុនេះ ពុំមែនរួចតែ១ក្បាល ឬ ២ ក្បាលនោះទេ គឺអាចនៅមានច្រើនទៀត។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋរស់នៅ និងក៏ដូចអ្នកដំណើរឆ្លងកាត់ក្បែរស្ពានមួយកន្លែង នៅអង្គរជុំ មានការភ័យស្លន់ស្លោគ្រប់ៗគ្នា ក្រោយពីបានប្រទះឃើញសត្វក្រពើដ៏ធំ១ក្បាល កំពុងស្ថិតនៅលើគោកក្បែរគល់ស្ពាន។ តែយ៉ាងណា ប្រជាពលរដ្ឋបានបញ្ចាក់ថា សត្វក្រពើដ៏ធំនេះ បានងាប់បាត់តៅហើយ ដោយពុំដឹងមូលហេតុនោះទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ នី ចាន់យុគ បានរៀបរាប់បញ្ជាក់ប្រាប់យ៉ាងខ្លីថា៖ «មកពីខាងណានេះ តែវាបានស្លាប់ហើយ អ្នកអង្គរជុំប្រយ័ត្នៗផងបាទ! (ក្រពើងាប់)»។
យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចូលខមិនឲ្យបងប្អូនទាំងអស់គ្នា ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្បស់ ព្រោះថាក្រពើមិនមែនរួចតែ១ ឬ ២ ក្បាលនោះទេ។ រីឯមនុស្សជាច្រើនទៀត បានខមិនបែបកំប្លែងលេងសើចបែបៗថា៖ «វាលង់ទឹកហើយ សង្ស័យពុលសំឡីអនាម័យ, ក្រពើលង់ទឹកហើយ សូមចូលរួមរំលែកទុក្ខដល់គ្រួសារហានិភ័យផង, ឆ្នាំនេះទឹកធំមែន សូម្បីតែក្រពើក៏ងាប់ដែរ, ហេតុអីក៏អ្នកគ្រប់គ្នាអត់ចិត្តម្ល៉េះ ទឹកជំនន់ឡើងគ្រប់ទីកន្លែងគ្នាឈ្លក់ស្រវេស្រវ៉ា វារឡើងមកលើឲ្យគ្រប់គ្នាជួយ អ្នកគួរធ្វើការសង្គ្រោះបឋមដូចជា សង្កត់ទ្រូងផ្លុំខ្យល់តាមមាត់ មិនគួរដាច់ចិត្តឲ្យគ្នាងាប់បែបនេះទេ»៕ ដោយ៖ លឹម ហុង