បាត់ដំបង ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជូនបុរស៤នាក់ស្ត្រីម្នាក់ជួញដូររក្សាទុក ថ្នាំម៉ាទឹកកក៤ថង់ ម៉ូតូមួយគ្រឿង សម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២០។
លោកសុខ និមល នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យ៥នាក់ ដែលចាប់ឃាត់ខ្លួន ទី១ ឈ្មោះជេត ភារុណ ហៅជូច ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ទី២ ឈ្មោះឈិន ចាន់ថន ហៅម៉ូវ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៣ ឈ្មោះប៊ុន គឹមសាន ហៅហ៊ី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៤ ឈ្មោះសៀង ហ៊ាន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី៥ ឈ្មោះម៉ង់ ម្លិះ ហៅយាយស្រូយ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក៤ថង់ ម៉ូតូមួយគ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១១និង៣៥នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកសុខ និមល បានបញ្ជាក់ថា កម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ហើយ៕ ដោយ ៖ អ៊ុងសារុំ