ភ្នំពេញ៖ បច្ចុប្បន្នថាមពលស្អាត ជាថាមពលកកើតឡើងវិញ ដែលរួមមាន វារីអគ្គិសនី អគ្គិសនីដែលបានពីថាមពលពន្លឺព្រះអាទិត្យ បានពីថាមពលជីវម៉ាស់ ដែលថាមពលទាំងនេះ ធ្វើឲ្យកម្ពុជាមានប្រភពថាមពលស្អាត រហូតដល់ ៥៧% នៃការផលិតអគ្គិសនីសរុបក្នុងបណ្តាញជាតិ។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា នឹងបន្តការដាក់បន្ថែមនូវប្រភពថាមពលកកើតឡើងវិញនេះ ឲ្យកាន់តែច្រើនឡើងថែមទៀតនៅក្នុងបណ្តាញជាតិនាថ្ងៃអនាគត ដោយនៅថ្ងៃនៅថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ២០២០ថ្មីៗនេះ អគ្គិសនីកម្ពុជា បានធ្វើតេស្ត និងដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីសំរោងធំ នៅក្នុងស្រុកកៀនស្វាយ តាមបណ្តោយផ្លូវជាតិលេខ១ ខាងត្បូងកំពង់ផែភ្នំពេញ។ អនុស្ថានីយអគ្គិសនីនេះ ជាប្រភេទ Compact ក្នុងកុងទីន័រ ដែលផលិតដោយក្រុមហ៊ុន Siemens របស់ប្រទេសអាល្លឺម៉ង់ ហើយបានភ្ជាប់ពីខ្សែបញ្ជូន១១៥ គីឡូវ៉ុល ភ្នំពេញ-បាវិត។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា ការដាក់ដំណើរការអនុស្ថានីយអគ្គិសនី ជាប្រភេទ Compact នេះ សំដៅដល់ការពង្រឹងស្ថិរភាពក្នុងបណ្តាញជាតិផង និងក៏សំដៅដល់ការពង្រីកនូវការចែកចាយអគ្គិសនីក្នុងតំបន់ទីតាំងអនុស្ថានីយផង រួមទាំងការត្រៀមលក្ខណៈ ដើម្បីបង្កើនថាមពលស្អាតបន្ថែមទៀតឲ្យបានកាន់តែច្រើន ក្នុងបណ្តាញជាតិរបស់យើង។
បើតាមការបញ្ជាក់របស់លោក កែវ រតនៈ នេះជាលើកទីមួយ ដែលអគ្គិសនីកម្ពុជា នាំចូលឧបករណ៍ប្រភេទនេះ មកប្រើប្រាស់សាកល្បងនៅប្រទេសកម្ពុជា ដែលអាចដំឡើង និងរុះរើចល័តយកទៅប្រើនៅកន្លែងផ្សេងបានលឿន។ ហើយរាល់ការដំឡើង គឺបានពិនិត្យដោយហ្មត់ចត់ ពីអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Siemens៕
ដោយ៖CEN