ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប១ខ្សែតភ្ជាប់ពីកោះពេជ្រទៅកាន់តំបន់កោះនរា នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ស្ពានបេតុងខ្សែកាបនេះ តភ្ជាប់ពីកោះពេជ្រទៅកាន់តំបន់កោះនរាដោយឆ្លងកាត់ទន្លេបាសាក់ មានប្រវែងសរុប៨២៤ម៉ែត្រ មានទទឹង២៤.៥ម៉ែត្រ ប្រើរយៈពេលសាងសង់៣៥ខែ និងគ្រោងចំណាយថវិកាសរុប៣៨លានដុល្លារអាមេរិក។
ស្ពាននេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ប្រើប្រាស់សម្រាប់ចរាចរទ្វេទិស មានគន្លងសម្រាប់រថយន្ត២ទៅ២មក និងមានគន្លងសម្រាប់ទោចក្រយានយន្ត១ទៅ១មក ដោយសសរស្ពានខ្សែកាបទាំង២មានឆ្លាក់ចម្លាក់រចនាបទខ្មែរ និងមានបំពាក់បង្គោលភ្លើងបំភ្លឺផងដែរ។ ហើយសម្រាប់ចរាចរណ៍ឆ្លងកាត់ស្ពាននេះដែរ គឺមិនអនុញ្ញាតឲ្យរថយន្ដដឹកទំនិញប្រភេទធន់ធំ ឬធ្ងន់ៗ បើកបរឆ្លងកាត់ឡើយ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានឲ្យដឹងថា ស្ពានមួយនេះមិនត្រឹមតែតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរានោះទេ តែវាក៏ជាផ្នែកមួយនៃការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សនៅខណ្ឌច្បារអំពៅ។
សូមបញ្ជាក់ថា គម្រោងស្ពានបេតុងខ្សែកាបតភ្ជាប់ពីកោះពេជ្រទៅកាន់តំបន់កោះនរានេះ បង្ហាញវត្តមាន ស្របពេលដែលក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាក្រុមហ៊ុនសំណង់ និងអចលនទ្រព្យដ៏ធំនៅប្រទេសកម្ពុជា គ្រោងនឹងបង្កើតទីក្រុងរណបថ្មីមួយនៅតំបន់កោះនរា។ គម្រោងទីក្រុងរណបថ្មីនេះ នឹងចាប់ផ្តើមចាក់ខ្សាច់បំពេញនៅតាមបណ្តោយជួរមាត់ទន្លេចាប់ពីតំបន់កោះនរា កាត់តាមទន្លេតូចឆ្ពោះទៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ហើយតាមរយៈ វត្តមានស្ពានខ្សែកាប និងគម្រោងទីក្រុងរណបថ្មីនេះ វានឹងធ្វើឲ្យ សកម្មភាពសេដ្ឋកិច្ច និងការធ្វើចរាចរណ៍ នៅតំបន់ជ្រោយចង្វា តំបន់កោះពេជ្រ និងតំបន់ច្បារអំពៅ កាន់តែមានសភាពផុសផុលឡើងខ្លាំងជាងមុន៕ ដោយ៖ CEN