Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ ឃុំខ្លួន​មនុស្ស​បីនាក់ ដែល​ដឹកនាំ​បាតុកម្ម នៅមុខ​ស្ថានទូត​ចិន កាលពី​ថ្ងៃទី​២៣​តុលា

ភ្នំពេញ​៖ លោក ឯក ប៉ូ​លី​ហ្វី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន មនុស្ស​បីនាក់​ដែល​បាន​ដឹកនាំ​មនុស្ស​ជាង​១០​នាក់ ធ្វើបាតុកម្ម​ខុសច្បាប់​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់ ពីបទ​ញុះញង់​ឲ្យ​មាន​សភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៣​ខែតុលា​ឆ្នាំ​២០២០២ អ្នក​តវ៉ា​ចំនួន​៣​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ពេល​ពួកគេ​កំពុង​ដឹកនាំ​មនុស្ស​ជាង​១០​នាក់​ទៀត តវ៉ា​នៅ​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដោយ​លើកឡើងថា​ទាហាន​ចិន មាន​វត្ត​មាននៅ​លើទឹក​ដី​កម្ពុជា ។​

​មនុស្ស​៣​នាក់​នោះ រួមមាន អ្នកស្រី លឹម សាន អាយុ​៥៧​ឆ្នាំ ភេទ​ស្រី នៅ​ឃុំ​កំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្តកណ្ដាល លោក សុន និមល អាយុ​៤០​ឆ្នាំ ភេទ​ប្រុស រស់នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​អ្នកស្រី យ៉យ ស្រីមុំ អាយុ​៥២​ឆ្នាំ ភេទ​ស្រី នៅ​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ត្រូវបាន​ចាប់ខ្លួន​យកទៅ​សួរនាំ បន្ទាប់មក​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​បង្កឱ្យមាន​ចលាចល​ក្នុងសង្គម ហើយ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​មនុស្ស​៣​នាក់​នេះ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​អាជ្ញាធរ​រួមជាមួយ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​មនុស្ស​ប្រមាណ​១៥ នាក់ ដែល​មក​ធ្វើបាតុកម្ម​នៅមុខ​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ បន្ទាប់ពី​ពួកគេ បាន​ស្រែក​តវ៉ា​បង្ក​ភាពអនាធិបតេយ្យ បង្ក​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ​នៅមុខ​ស្ថានទូត​ចិន​។ អ្នក​តវ៉ា​បាន​ស្រែក​ប្រឆាំងនឹង​វត្តមាន​ទាហាន​ចិន​នៅ​លើក​ទឹកដី​កម្ពុជា ។ ក្នុងនោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​សាកសួរ អំពី​ដំណើររឿង ពួកគេ​បានមក​ស្រែក​តវ៉ា នៅមុខ​ស្ថានទូត​ចិន ដោយ​គ្មាន​ការជូនដំណឹង ឬ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

​ចំណែក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​មួយក្រុម​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្បែរ​ស្ថានទូត​ចិន ក្នុង​បំណង​ដាក់​ញត្តិ​ទៅ​ស្ថានទូត អំពាវនាវ​ឱ្យ​ប្រទេស​ចិន​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ អាជ្ញាធរ​មូលដ្ឋាន​និង​កងកម្លាំង​ចម្រុះ បាន​រារាំង​ក្រុមអ្នកតវ៉ា ដែល​ព្យាយាម​ដាក់​ញត្តិ​។ មនុស្ស​បីនាក់​ត្រូវបាន​ចាប់ខ្លួន​នៅពេលនោះ​។​

​បន្ទាប់ពី​សាកសួរ​រួច មនុស្ស​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។

នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​មួយ​ដែល​ត​ភ្ជាប់​តំបន់​កោះនរា ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ មក​ទីក្រុង​រណប​កោះ​ពេជ្រ ស្ថិតក្នុង​ខណ្ឌចំការមន ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា​ឆ្នាំ​២០២០​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ធុញទ្រាន់​នឹង​បរទេស និង​ខ្មែរ​មួយចំនួន ដែល​ចោទ​រឿង​វត្តមាន​ទ័ព​ចិន នៅ​កម្ពុជា ហើយ​សម្តេច ស្នើឱ្យ​ពួក​បរទេស និង​ខ្មែរ ដែល​ចោទ​លើ​រឿងនេះ បញ្ចេញ​ភស្តុតាង បើ​មិន​បញ្ចេញ​ទេ គឺ​មានន័យថា​កំពុង​ភូតកុហក់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទសួរ​បរទេស​ចោទ​រឿង​វត្តមាន​ទ័ព​ចិន នៅ​កម្ពុជា​នេះ មានបំណង​ចង់បាន​អ្វី ខណៈ​ឆ្នាំ​១៩៧០ បាន​រុញ​កម្ពុជា​ឱ្យ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​។ ទាំង​បរទេស និង​ខ្មែរ ដែល​រុញ​រឿង​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​នេះ គឺ​ចង់​ឈានទៅ​ធ្វើ​រដ្ឋប្រហារ​។ សម្តេច​តេ​ជោ ហ៊ុន សែន ទម្លាយ​សំឡេង​លោក ហូ វ៉ាន់ ដាក់បទបញ្ជា​ដល់​ក្រុម​ខ្លួន​ឱ្យធ្វើ​បាតុកម្ម​នៅ​ស្ថានទូត​ចិន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ជូន​ពលរ​ដ្ឋ​កម្ពុជា​ថា នៅ​កម្ពុជា មានតែ​ចិន​ជា​អ្នកវិនិយោគ តែ​គ្មាន​ទ័ព​ចិន​នោះទេ​៕​ដោយ​៖​បញ្ញា​ស័ក្តិ

×