ភ្នំពេញ ៖ ក្រោយពីរកឃើញថាមានភាពមិនប្រក្រតី ទីតាំងបញ្ចាំងកុន Home Cinemaនេះគឺពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ស្រី កែវ សុគន្ធា ទើបលោក ហ៊ាង ថារ៉េត បានដឹកនាំកម្លាំងចុះបង្ក្រាបនិងឈានទៅបិទទីតាំងនោះតែម្តង។ ទីតាំងបញ្ចាំងកុន Home Cinema នេះ មានទីតាំងស្ថិតនៅផ្ទះលេខS-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
មន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា លោក ហ៊ាង ថារ៉េត អធិការរង នគរបាលខណ្ឌចំការមន នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងចុះបិទទីតាំបញ្ចាំងកុន Home Cinema បន្ទាប់ពីរកឃើញថា ការបញ្ចាំងនោះមានភាពមិនប្រក្រតី ខណៈដែលទីតាំងបញ្ចាំងនេះមិនមានកៅអីសម្រាប់អង្គុយ បែរជាមានគ្រែសម្រាប់ដេកមើលទៅវិញ ដោយក្នុងគ្រែមួយមានដាក់ពូក ខ្នើយពីរ និងភួយផងដែរ ។
ក្នុងប្រតិបត្តិការនោះលោក ហ៊ាង ថារ៉េត បានឲ្យដឹងថា “ទីតាំងបញ្ចាំងកុននេះ គឺមានភាពមិនប្រក្រតី ដោយវាចម្លែកត្រង់ថា មិនមានកៅអីសម្រាប់អង្គុយមើលទេ ប៉ុន្តែគេបែរជាដាក់គ្រែពូកសម្រាប់មនុស្សពីរនាក់ដេកមើលទៅវិញ” ។ ជាមួយគ្នានោះដែរ លោកអធិការរង នគរបាលខណ្ឌចំការមន ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធមេត្តាជួយពិនិត្យ មុននិងចេញអាជ្ញាប័ណ្ណ ប្រកបរបរអាជីវកម្ម សូមពិនិត្យផង ជាពិសេសពាក់ព័ន្ធនិងក្រសួងវប្បធម៌ ព្រោះថាការបើកទីតាំងបញ្ចាំងកុននេះ មិនមានមនុស្សចាស់ ឬក្មេងៗទៅមើល ភាគច្រើនមានតែក្មេងជំទង់ៗ ចូលមើលតែពីរនាក់ ប្រុសស្រី ហើយក្នុងទីតាំងបញ្ចាំងនេះគេដាក់ពួកឲ្យដេក ដែលវាអាចនិងឲ្យអ្នកចូលមើលប្រព្រឹត្តិរឿងអ្វីផ្សេងៗខុសប្រពៃណី ។
ការដែលស្នើសុំឲ្យក្រសួងពាក់ព័ន្ធពិនិត្យ មុននិងអនុញ្ញាតិឲ្យបើកអាជីវកម្មនេះ គឺដើម្បីការពារសេចក្តីថ្លៃថ្នូ និងវប្បធម៌ប្រពៃណីខ្មែរ ឲ្យកុំយុវជនចូលទៅប្រព្រឹត្តរឿងមិនគម្បី៕ ដោយ៖បញ្ញាស័ក្តិ