ប្រិយមិត្តបានជ្រាបហើយ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្ត្រីម្នាក់ដែលមានគណនីហ្វេសប៊ុកមួយឈ្មោះ Yaya Koko បានបង្ហោះអំពីដំណឹងបាត់កូនស្រីខ្លួនអាយុជាង២ឆ្នាំ ដោយបានរៀបរាប់បញ្ជាក់ឲ្យដឹងថា៖ «នាងខ្ញុំបានបាត់កូនស្រីអាយុ2ឆ្នាំ5ខែ ដោយមានជនមិនស្គាល់មុខ ចូលចាប់ដល់ក្នុងរបងផ្ទះ ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង 3ៈ50នាទី នៅថ្ងៃទី26 ខែតុលា ឆ្នាំ2020 សូមសំណូមពរអោយសមត្ថកិច្ច គ្រប់ស្ថាប័នជួយរកអោយនាងខ្ញុំផង រឺបើបងប្អូនណាបានឃើញសូមទំនាក់ទំនងមកលេខ 070477079 នាងខ្ញុំសូមអរគុណទុកជាមុន»។
តែយ៉ាងណា អ្វីដែលធ្វើឲ្យមហាជនការហួសចិត្ត និងកំពុងឈ្មោះគ្នាបែកផ្សែងនៅក្នុងបណ្តាញសង្គម គឺដោយសារតែដំណឹងបាត់កូនស្រីខាងលើនេះ មិនមែនជាករណីជនមិនស្គាល់មុខចូលចាប់ក្មេងស្រីដល់ក្នុងរបងផ្ទះនោះទេ តែតាមពិតជាករណីជម្លោះគ្រួសារប៉ុណ្ណោះ។
ជាក់ស្តែង បើតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា «ខេត្តកំពត: ថ្ងៃចន្ទ ១០ កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញគណនីហ្វេសប៊ុកខាងលើនេះផ្សព្វផ្សាយថាមានជនមិនស្គាល់មុខ ចូលចាប់ក្មេងស្រីដល់ក្នុងរបងផ្ទះ និងសូមឲ្យសមត្ថកិច្ចជួយរកផង ដូចនេះលោកឧត្ដមសេនីយ៍ទោ ស្នងការ បានបញ្ជាដល់កម្លាំងជំនាញធ្វើការស្រាវជ្រាវ ជុំវិញករណីនេះភ្លាមដោយឃើញថា ករណីនេះគឺជាករណីជម្លោះគ្រួសារ មិនមែនជាករណីជនមិនស្គាល់មុខចូលចូលមកចាប់កូន ដូចដែលគណនីហ្វេសប៊ុកខាងលើផ្សព្វផ្សាយឡេីយ។
អាស្រ័យហេតុនេះសូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនង សង្គម មេត្តាទទួលជ្រាបជាព័ត៌មាន។»។
ដោយឡែក អ្នកលេងហ្វេសប៊ុកឯណេះវិញ ក៏កំពុងឈ្មោះប្រកែកគ្នាឡើងបែកផ្សែង ព្រោះតែដោយសាររឿងនេះ ដែលផ្តើមចេញពីការស្តីបន្ទោសឲ្យស្ត្រីជាម្តាយថា៖ «មកផុសបង្កចលាចល សូមស្ថាប័នជួយណែនាំផង»។ ក្រោយឃើញគណនីមួយនោះលើកឡើងបែបនេះ ក៏មានអ្នកឆ្លើយតបទៅវិញថា៖ «អ្នកខមមិនដូចដឹងច្បាស់ចឹងថាជារឿងគ្រួសារ ?? បានជាសន្និដ្ឋាននិងចោទប្រកាន់អ្នកផុសយ៉ាងដូចនេះ។ សូមមេត្តាពិចារណាផងថាមនុស្សម្នាក់ដែលកំពុងធ្វើការហើយផ្ញើកូននៅជាមួយជីដូនអោយជួយមើលថែ ស្រាប់តែមានមនុស្សលួចទៅយកកូនបាត់ តើដំបូងឡើយត្រូវផុសយ៉ាងណាសូមជួយប្រាប់វិញផង?? បើដឹងថាអ្នកណាលួចយកទៅអ្នកផុសប្រហែលសរសេរចំឈ្មោះ។ ហើយអ្វីជាជម្លោះគ្រួសារ(ឪពុកម្ដាយឈ្លោះជាមួយកូន ឬប្ដីឈ្លោះជាមួយប្រពន្ធ ឬបងប្អូនឈ្លោះគ្នា)? បើខ្ញុំសរសេរនេះខុសឆ្គង សុំទោសទុកមុន។»។
ទោះយ៉ាងណា រហូតមកទល់ពេលនេះ បើតាមគណនីឈ្មោះ បញ្ញា រស្មី បានបញ្ជាក់ប្រាប់ថា កូនស្រីដែលបាត់ខ្លួននោះ នៅមិនទាន់រកឃើញនៅឡើយទេ ខណៈម្តាយយំស្ទើរឆ្កួតទៅហើយ៕ ដោយ៖ លឹម ហុង